(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន និងក្រុមការងារ ដោយសហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព ដែលអាជីវករ ដាក់តាំងលក់នៅតាមតូប និងគេហដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីចូលរួមថែរក្សាសុខភាព ប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តប៉ៃលិន ដោយរកឃើញទំនិញ ដែលហួសសុពលភាពប្រើប្រាស់ ជាច្រើនមុខ។

លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ថ្ងៃនេះកម្លាំងមន្ត្រីជំនាញរបស់កាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្ត្រី នៃមន្ទីរ ពាណិជ្ជកម្ម ខេត្ត បន្តចុះត្រួតពិនិត្យផលិតផលនៅជុំវិញបរិវេណផ្សារប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជាលទ្ធផលសមត្ថកិច្ច បានរកឃើញផលិតផលហួសការបរិច្ឆេទជាច្រើនមុខ ដូចជាស្រាបៀរលីអូរ, ទឹកក្រូច, ទឹកផ្លែឈើ ,និងភេសជ្ជៈអិចអិល នំកញ្ចាប់ មីកញ្ចាប់ខូចគុណភាព ជាដើម។

លោកប្រធានសាខាកាំកុងត្រូលខេត្ត បានបន្តថា បន្ទាប់ពីសមត្ថកិច្ចជំនាញ និងកម្លាំងចម្រុះបានត្រួតពិនិត្យ ក្នុងនោះបានធ្វើការអប់រំណែនាំ ដល់អាជីវករ ឲ្យចេះមើលពី ការបរិច្ឆេត និងការទុកដាក់ ឲ្យមានអនាម័យ លោកប្រធានសាខាបានអះអាងថា គិតមកដល់ពេលនេះក្រុមអាជីវករ និងមហាជន មានការយល់ដឹងយល់ច្រើនជាងមុន។

ទន្ទឹមគ្នានេះដែរ ប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករភាគច្រើន បានសម្តែងការសាទរ ចំពោះមន្ត្រីជំនាញសាខាកាំកុងត្រូល ខេត្តប៉ៃលិន ដែលតែងតែចុះត្រួតពិនិត្យទំនិញ នៅតាមផ្សារ នីមួយៗ និងនៅតាមទីប្រជុំជននានា ទូទាំងខេត្តប៉ៃលិន ដែលទង្វើនេះជាការ គិតគូរពីសុខទុក្ខ និងសុខុមាភាព របស់ប្រជាពលរដ្ឋផងដែរ៕