(ព្រះវិហារ)៖ យ៉ាងហោចណាស់សត្វគោប្រជាពលរដ្ឋចំនួន៦ក្បាល បានងាប់ដោយសាររន្ទះបាញ់។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងលិចភូមិតាសែង ប្រហែល៧គីឡូម៉ែត្រ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោក រស់ ហេង អភិបាលស្រុកសង្គមថ្មី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុផ្ទៃមេឃភ្លៀងលាយឡំ ដោយខ្យល់យ៉ាងខ្លាំង និងមានផ្លេកបន្ទោរផងដែរ ស្របពេលនោះកសិករដែលជាម្ចាស់គោ បានដេញហ្វូងគោពីវាលស្រែមកផ្ទះវិញ តែដោយចៃដន្យអាក្រក់ ត្រូវបានរន្ទះបាញ់ហ្វូងគោរបស់គាត់ បណ្តាលឲ្យត្រូវចំនួន៧ក្បាល ក្នុងនោះសត្វគោ៦ក្បាលបានងាប់ ហើយសុទ្ធតែមេគោទាំងអស់ ចំណែកគោ១ក្បាលទៀត បានរងរបួស ដោយឡែកចំពោះមនុស្សពុំមានរងរបួសនោះទេ។

លោកអភិបាលស្រុក ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ ពិសេសពេលមេឃខ្មៅលាយឡំ និងផ្គររន្ទះ ត្រូវរកកន្លែងសុវត្ថិភាពដើម្បីជ្រក កុំនៅទីវាល ឬជ្រកក្រោមដើមឈើឲ្យសោះ៕