(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី LGC នឹងបើកឲ្យសាធារណជន ចូលទស្សនាដោយឥតគិតថ្លៃ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមអបអរទិវាសារមន្ទីរអន្តរជាតិ ១៨ ឧសភា។

កម្មវិធីអបអរសាទរនេះ បើកឲ្យទស្សនាដោយសេរី នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៨៖៣០នាទីព្រឹកតទៅ ដែលកម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ និងក្រុមប្រឹក្សាសារមន្ទីរជាតិ ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ខាងត្បូងរង្វង់មូល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជាមួយគ្នានេះ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អំពាវនាវឲ្យសាធារណជន អញ្ជើញមកចូលរួមទស្សនា​ ការដា​ក់តាំងបង្ហា​ញនូវ​ផលិត​ផលប្រពៃ​ណីដ៏សម្បូរបែប នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៊ី ឲ្យបានច្រើន។

គួររំឭកដែរថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលឥណ្ឌា ជាមួយបណ្តាប្រទេសតំបន់ទន្លេមេគង្គ រួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ៕