(កំពង់ធំ)៖ ដើម្បីអបអរសាទរ ថ្ងៃដំបូងនៃពិធីបុណ្យបួសរ៉ាម៉ាឌន របស់បងប្អូនខ្មែរឥស្លាម ដែលត្រូវចាប់ផ្ដើម នៅ​ថ្ងៃទី​១៧ ខែ​ឧ​សភា ឆ្នា ​២០១៨នេះ ក៏ដូចជាអ្នកកាន់សាសនាឥស្លាម​លើសកលលោក, លោក សឹម សុខព្រី និង​លោកស្រី ម៉ាណ ណាវី តំណាង​លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រួមជាមួយយុវជនស្ម័គ្រចិត្តសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដឹកនាំសប្បុរជន​អង្គការ LIfE ប្រទេសបារាំង ដែលដឹកនាំ​ដោយលោក Steve Karim ជាប្រធានអង្គការ ប្រគល់អំណោយកញ្ចប់សម្រាប់ទទួលទាន​ខែរ៉ាម៉ាឌន ជូនដល់ជនក្រីក្រ​៥០០គ្រួសារ នៃភូមិចំនួន​១៣ នៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក​។​

លោក Steve Karim បញ្ជាក់ថា អំណោយនេះ ជាទឹកចិត្ត​របស់សប្បុរសជនចម្រុះជាតិសាសន៍ ដែលរស់នៅប្រទេសបារាំង ហើយជាការចូលរួមអបអរសាទរ ដល់បងប្អូនខ្មែរឥស្លាមនៅកម្ពុជា។ លោកបន្តថា ទោះបីកម្ពុជានៅឆ្ងាយរាប់ពាន់យោជន៍ពីប្រទេសបារាំង ប៉ុន្តែសុខសន្តិភាពនៅកម្ពុជា ហើយក៏ជាជាភាតរភាព របស់សប្បុរសជនជាមួយបងប្អូននៅកម្ពុជា ក៏ដូចជាការគោរពស្រលាញ់ ការដឹកនាំល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។​

លោកស្រី ម៉ាណ ណាវី បានកោតសរសើរ ដល់តំណាងសប្បុរសជន តាមរយៈអង្គការ LIFE ជាដៃគូរដែលបាននិងកំពុងសហការចូលរួមយ៉ាងសកម្មផ្តល់ជំនួយ ផ្នែកកញ្ចប់អាហារ អង្ករ និង​ឧបភោគបរិភោគ ក្រៅពីនោះ​ក៏បានចូលរួមកសាងអណ្តូងទឹកស្អាតជាច្រើន នៅតាមសហគមន៍អ្នកខ្សត់ទឹកប្រើប្រាស់។​

លោក សឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបញ្ជាក់ ដោយសារតែគោលនយោបាយដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន​ ធ្វើឲ្យសុខសន្តិភាពពេញផ្ទៃប្រទេស បន្តមកជាង៣ទស្សវត្ស ហើយក៏កំពុងផ្តល់ក្តីទំនុកចិត្តមួយដល់សហគមន៍អន្តរជាតិ ចំពោះការធ្វើសុខដមបនីយកម្មនៅកម្ពុជា ប្រកបដោយប្រសិទ្ធផលខ្ពស់។

លោកបន្តថា ស្នាដៃនៃការសាងទំនុកចិត្តនេះ បានញ៉ាំងឲ្យកម្ពុជាទទួលស្វាគមន៍ទាំងវិនិយោគិន ទេសចរណ៍ អ្នកការទូត ស្ថាប័នអង្គការ ម្ចាស់ជំនួយ និង​កិច្ចសហប្រតិ​បត្តិការអន្តរជាតិ កាន់តែមានភាពរឹងមាំឡើង។​

អំណោយយកទៅប្រគល់ជូននៅពេលនេះ ក្នុងមួយគ្រួសារបានអង្ករ​​៥០គីឡូ​ មី ប្រេងឆា សាប៊ូបោកខោអាវ និង​សាប៊ូដុំ ថ្នាំដុសធ្មេញ ស្ករសរ និង​មីឡូ ជាដើម៕