(បន្ទាយមានជ័យ)​៖​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា​ និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្ស​​មាន​ សម្ដេចតេជោ ហ៊ុន សែន​ ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស,​ សម្ដេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្ស,​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ អនុប្រធានគណបក្ស​ និងសម្តេចក្រឡាហោម​ ស​ ខេង​ អនុប្រធានគណបក្ស​​។

​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាន​កោតសសើរ វាយតម្លៃខ្ពស់ពីស្នាដៃ​ និងសមិទ្ធផលនានាដែលក្រុមការងារយុវជនគណបក្សខេត្ត សម្រេចបានដើរតាមមា​គ៌ា គោលនយោបាយរបស់បក្ស​ ​ហើយសមាជិកក្រុមការងារយុវជនទាំងអស់ បានខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់​ ស្មោះត្រង់​ គាំទ្រចំពោះគណបក្ស​និងរាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់សម្តេចតេជោ​ ហ៊ុន​ សែន នាំមកនូវសុខសន្តិភាព​ សណ្តាប់ធ្នាប់​ សម្បូរសប្បាយ​ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជូនជាតិ​ និងប្រជាពលរដ្ឋ​ ប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ​ទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០​។

ជាមួយគ្នានេះ​ ​​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់សណ្តានចិត្តប្រកបដោយសាមគ្គីភាព​ មិត្តភាព​របស់យុវជន​ និងប្រជាពលរដ្ឋមហាគ្រួសារ អ្នកបន្ទាយមានជ័យ​ ដែលបានចូលរួមរក្សាសន្តិភាព​ ទប់ស្កាត់​បានបដិវត្តព៌ណ​ ដើម្បីនិរន្តភាពនៃការអភិវឌ្ឍន៍​ និងភាពសុខសាន្តតរៀងទៅ​​។

ចុងបញ្ចប់​​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន បានផ្តល់ថវិកាឧបត្ថម្ភជូនដល់សមាជិក កម្មវិធី​សន្និបាតក្រុមការងារយុវជនខេត្តរួមមាន​៖ មូលនិធិសម្រាប់យុវជនគណបក្សក្នុងខេត្ត ថវិកា១៥ម៉ឺនដុល្លារ, ផ្តល់ប្រេងសាំង៥,០០០លីត្រ និងម៉ាស៊ូត ៥,០០០លីត ​ជូនដល់ក្រុមការងារយុវជនបក្ស, ជូនថវិកាសរុប៦៥លានរៀល ដល់ក្រុមយុវជនបក្សមកពីឃុំ-សង្កាត់ ចំនួន៦៥ឃុំ​-សង្កាត់ ដោយក្នុង១ឃុំ​-សង្កាត់ ថវិកា​១លានរៀល, ជូនសមាជិក-សមាជិកា ចូលរួមក្នុងកម្មវិធី សន្និបាត​ចំនួន២,០១១នាក់ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល៕