(ភ្នំពេញ)៖ លោកស្រី អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីប្រចាំនៅកម្ពុជា បានថ្លែងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា នឹងប្រឹងប្រែងជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ប្រទេសកម្ពុជា ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្ម។

ការថ្លែងរបស់លោកស្រី បានធ្វើឡើងក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានអនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីផលវិជ្ជមានមួយចំនួនផងដែរ ប្រសិនបើមានការហោះហើរត្រង់រវាងតួកគី និងកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា បើមានការហោះហើរត្រង់ពីតួកគី មកកាន់កម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នឹងមានការកើនឡើង។ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នឹងកាន់តែល្អប្រសើរ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត និងកាន់តែមានលក្ខណៈបើកទូលាយថែមទៀត។

លោកស្រីថែមទាំងលើកឡើងទៀតថា វិស័យវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ចនៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ ដូច្នេះលោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការប្រមូលយករាល់ព័ត៌មានទាំងឡាយរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយដល់អ្នកវិនិយោគតួកគី ដើម្បីទាញការវិនិយោគមកកាន់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការរំពឹងទុកថា តាមរយៈកិច្ចប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតតួកគី នឹងធ្វើឲ្យទំនាក់ទំនងតួកគី-កម្ពុជា កាន់តែប្រសើរ។ សម្តេចតេជោថា ប្រទេសកម្ពុជា និងតួកគី ត្បិតតែនៅឆ្ងាយពីគ្នា ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពជិតស្និទ្ធល្អ៕