(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ពលករបរទេសដែលគ្មានប័ណ្ណការងារ នៅឆ្នាំ២០១៧ បានមកធ្វើប័ណ្ណការងារសម្រាប់ឆ្នាំ២០១៨ មានចំនួន៣១,៥៩៨នាក់ ខណៈអ្នកអត់ប័ណ្ណការងារមានជាង៣ម៉ឺននាក់ ក្នុងចំណោមពលករបរទេសទាំងអស់ចំនួន៦៥៣៥០នាក់ ដែលកំពុងធ្វើការនៅប្រទេស កម្ពុជា។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស នាយឧត្តមសេនីយ៍ សុខ ផល ប្រគល់​រថយន្ដស៊ឺរ៉ែន៨គ្រឿង ជូននាយកដ្ឋានជនបរទេសអន្ដោប្រវេសន៍ ជាអ្នកវិនិយោគឯកជន សម្រាប់ចុះអធិការកិច្ចត្រួតពិនិត្យហត្ថពលកម្មបរទេស ទាំង២៥ រាជធានី-ខេត្ត។

បើតាមនាយឧត្តមសេនីយ៍ សុខ ផល ឆ្នាំ២០១៧​នាយកដ្ឋានជំនាញ បាន​ត្រួតពិនិត្យ​ចំនួន៣,៩៦៩គោលដៅ មានពលករបរទេស​ចំនួន៣២,៥១២នាក់ និងមានទិន្នន័យធ្វើប័ណ្ណការងារ​ចំនួន៥៧,០០០នាក់ ព្រមទាំងចំនួនធ្វើប័ណ្ណការងារ (គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨) ក្នុងនោះ មានប័ណ្ណការងារឆ្នាំ២០១៧ ពន្យាប័ណ្ណការងារឆ្នាំ២០១៨ មានចំនួន៣៣,៧៥២នាក់។​

នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍​អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក៏បាន​បង្ហាញពីតួរលេខ នៃការប្រៀបធៀប ចំនួនគោលដៅ ចំនួនពលករបរទេស ចំនួនពលករបរទេសផាកពិន័យ និងទិន្នន័យពលករបរទេសធ្វើប័ណ្ណការងារ និងសៀវភៅការងារ (ឆ្នាំ២០១៤, ឆ្នាំ២០១៥, ឆ្នាំ២០១៦, និងគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧)។

ដោយក្នុងនោះ ឆ្នាំ២០១៤ គោលដៅបានត្រួតពិនិត្យ មានចំនួន១,៦០៤គោលដៅ មានពលករបរទេស ចំនួន១២,០៧២នាក់ និងទិន្នន័យធ្វើប័ណ្ណការងារ មានចំនួន៤,០០០នាក់ និងក្នុងឆ្នាំ២០១៥ គោលដៅបានត្រួតពិនិត្យ ចំនួន២,៦៦៥គោលដៅ មានពលករបរទេស ចំនួន១៨,៨៣៦នាក់ ទិន្នន័យធ្វើប័ណ្ណការងារ មានចំនួន៣០,៩២៨នាក់។

ក្នុងឆ្នាំ២០១៦ គោលដៅបានត្រួតពិនិត្យ មានចំនួន៣,៥៥២គោលដៅ មានពលករបរទេស ចំនួន២៧,០៩១នាក់ និងទិន្នន័យធ្វើប័ណ្ណការងារ មានចំនួន៣៩,១២០នាក់៕