(ព្រះសីហនុ)៖ ដើម្បីពង្រឹងការងារ ក៏ដូចជាអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ចុះបំពេញបេសកកម្ម ពិនិត្យការងារនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួង នៅក្នុងខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តតាកែវ ចាប់ពីថ្ងៃទី១៦​ដល់១៩ ខែឧសភា ឆ្នាំ២០១៨​។

ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានទៅកាន់​ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ហើយព្រឹកថ្ងៃទី១៧ ខែឧសភា​នេះ ​លោកក៏បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាខាគយ និងរដ្ឋាករគយកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ និងត្រួតពិនិត្យការិយាល័យក្នុងអគារ ជាមួយប្រតិភូអមដំណើរ និងបន្តប្រជុំការងារ​សាខាគយ និងរដ្ឋាករ សាខាពន្ធដារ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងរតនាគារខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង នៅទីស្នាក់ការសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

បន្ទាប់ពីកិច្ចប្រជុំការងារ លោកទេសរដ្ឋមន្ដ្រី​ ក៏បានបន្តចុះពិនិត្យ ដំណើរការ ម៉ាស៊ីស្កេន និងទីតាំង​ចរនាវាល្បាតគយ​។

មន្ត្រីអមដំណើរ បានឲ្យដឹងថា គម្រោងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែឧសភាខាងមុខនេះ លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន នឹង​ដឹកនាំប្រតិភូអមដំណើរ ចុះពិនិត្យ​ និងទស្សនាកំពង់ផែព្រែកត្នោត និងរោងម៉ាស៊ីនកិនស្រូវ គីស្តាលរិក ទស្សនាកំពង់ផែប្រេង PAPA Petroliun ហើយបន្តទស្សនកិច្ចការងារ និងសកម្មភាពផ្សេងៗ នៅក្នុងខេត្តកែប និងខេត្តកំពត​៕​