(ភ្នំពេញ)៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ លោក ប៊ីល ឡងហ័ស្ត៍ (Bill Longhurst) បានថ្លែងថា ទាំងរូបលោក ក៏ដូចជារាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានចាត់ទុកកម្ពុជា គឺជាមិត្ត ហើយថែមទាំងមានសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរកាវិវឌ្ឍនៅកម្ពុជា ជាពិសេសវិស័យអប់រំ។

លោកឯកអគ្គរាជទូតអង់គ្លេសបានបញ្ជាក់ដូច្នេះក្នុងពេលរូបលោកអញ្ជើញចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះ ប៊ីល ឡងហ័ស្ត៍ បានជម្រាបសម្តេចនាយករដ្ឋមន្ត្រីថា លោករីករាយយ៉ាងខ្លាំងក្នុងបេសកកម្មការទូតរយៈពេល៤ឆ្នាំកន្លះនៅកម្ពុជា ហើយទាំងរូបលោក និងរាជរដ្ឋាភិបាលអង់គ្លេស គឺបានចាត់ទុកកម្ពុជា គឺជាមិត្តរបស់អង់គ្លេស។

ក្នុងជំនួបនេះ លោកឯកអគ្គរាជទូតអង់គ្លេស ក៏បានបានជម្រាបសម្ដេចតេជោ ហ៊ុន សែន ពីបេសកកម្មរបស់លោកទៅលើវិស័យអប់រំ វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ជាមួយគ្នានេះ រូបលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់គ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមានចំណាប់អារម្មណ៍នឹងសុទិដ្ឋិនិយមយ៉ាងខ្លាំងលើប្រព័ន្ធអប់រំរបស់កម្ពុជា ដែលប្រព័ន្ធអប់រំនេះបានផ្ដល់ជំនឿទុកចិត្ត និងផ្ដល់ក្តីសង្ឃឹមយ៉ាងខ្លាំងទៅដល់យុវជនកម្ពុជាជំនាន់ក្រោយ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណលោកឯកអគ្គរាជទូត ហើយថ្លែងកោតសរសើរថា លោក ប៊ីល ឡងហ័ស្ត៍ បានធ្វើការងារយ៉ាងច្រើនក្នុងការជំរុញ និងពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសអង់គ្លេសបានជួយលើវិស័យអប់រំ ដែលជាតម្រូវការចាំបាច់របស់កម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ចំពោះចក្រភពអង់គ្លេសដែលបានជួយកម្ពុជា ហើយសង្ឃឹមថាចក្រភពអង់គ្លេសនឹងបន្តជួយកម្ពុជា លើវិស័យអប់រំនៅបន្តទៀត៕