(ស្វាយរៀង)៖ ប្រជាពលរដ្ឋ៨គ្រួសារ រស់នៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានការព្រួយបារម្ភណ៍ ចំពោះដីស្រែរបស់ពួកគាត់ ដែលប្រឈមនិងបាក់ដីដោយសារ ក្រុមហ៊ុន ជីកដីនៅទីតាំងមួយកន្លែង នៅភូមិថ្មី ក្រុងស្វាយរៀង ជីកដីទំហំជាង១ហិកតា ជីកចង់ដល់ក្បាលប្រែត យកអាចមន៍ដីចាក់ក្នុងបន្ទាយអាវុធខេត្តថ្មី ដែលកំពុងសាងសង់ជិតរួចរាល់ហើយនោះ ត្រូវបានពលរដ្ឋអំពាវនាវសុំបទអន្តរាគមន៍ពីអាជ្ញាធរខេត្ត ឲ្យជួយដោះស្រាយនូវការខូចខាតដីស្រែរបស់ពួកគាត់ ខណៈដែលអាជ្ញាធរសង្កាត់-ក្រុង បានហៅភាគីទាំងសងខាងមកដោះស្រាយតែពុំទទួលបានផ្លែផ្កា។

ប្រជាពលរដ្ឋឈ្មោះ អ៊ុក សាម៉េន អាយុ៥០ឆ្នាំ រស់នៅភូមិឃោសាង សង្កាត់ស្វាយតឿ បានឲ្យដឹងថា ដីស្រែដែលរងផលប៉ះពាល់ នៅចំណុចទីតាំងដីខាងលើនេះ មាន៨គ្រួសារ ស្មើរដីជិត៦ហិកតា ហើយក្រុមហ៊ុនជីកដីនេះ មកពីខេត្តត្បូងឃ្មុំ និងមានក្រុមហ៊ុនមួយទៀត មកជីកជំនួសមានរយៈពេលជាង៤ខែមកហើយ គឺជីកដីចង់ដល់ក្បាលប្រែត ទៅហើយគ្មានស្ថាប័នណាអើពើបន្តិចសោះ។

ពលរដ្ឋដែលមានដីរងផលប៉ះពាល់បានប្តឹងទៅភូមិ និងសង្កាត់សង្ឃ័ររហូតដល់ក្រុង ហើយអាជ្ញាធរបានហៅភាគីទាំងសងខាង មកដោះស្រាយបាន៣ដងហើយ តែមិនទទួលបានលទ្ធផលអ្វីនោះទេ បានត្រឹមថា ទុកដោះស្រាយនៅពេលក្រោយ។

ពលរដ្ឋខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនជីកដីនេះ មិនដែលមកដោះស្រាយនោះទេ ឃើញតែមន្ត្រីប៉េអឹមចូលមកសម្រូបសម្រួល ហើយនិយាយដដែលៗថា ធ្វើនេះដើម្បីជាតិ។

ពលរដ្ឋបានចោទសួរថា ធ្វើដើម្បីជាតិបើប៉ះពាល់ជាប្រជាពលរដ្ឋតើជាតិដោះស្រាយរបៀបណា បើពួកគាត់មានដីស្រែតែបន្តិចបន្តួច សំរាប់ធ្វើស្រែចំការតើឲ្យសង្ឃឹមអី? ពាក់ព័ន្ធនិងការជីកដីពីក្រុមហ៊ុនប្រឈមនិងបាក់ស្រែនេះ ប្រជាពលរដ្ឋបានចុះទៅប្រាប់អ្នកជីកយកអាចមន៍ដី សូមជីកទុកជើងទេរ និងជីកកុំឲ្យជ្រៅពេក តែក្រុមហ៊ុននេះមិនស្តាប់មិនអើពើនោះទេ រឹតតែជីកកាន់តែជ្រៅមិនដឹងអាងអំណាចមកពីណាទេបានជាជីកទាំងបំពានយ៉ាងនេះ។

ពលរដ្ឋបានធ្វើការអំពាវនាវដល់អាជ្ញាធរខេត្តស្វាយរៀង ដែលមានលោក ម៉ែន វិបុល ជាអភិបាលខេត្ត សូមជួយរកយុត្តិធម៌ដល់ពួកគាត់ផង ព្រោះរដូវវស្សាចូលមកដល់ហើយដីស្រែរបស់ពួកគាត់ និងបាក់ហូរច្រោះខូចខាតធ្វើស្រែមិនកើតនោះទេ និងសូមឲ្យក្រុមហ៊ុនជីកដីត្រូវទទួលខុសត្រូវ និងដោះស្រាយសំណងចំពោះការបាក់ដីស្រែនេះ។

ពាក់ព័ន្ធនិងករណីជីកដីដែលមានការប្រតិកម្មពីពលរដ្ឋនេះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានថ្លែងថា ការជីកដីនេះ គឺយកអាចមន៍មកចាក់នៅក្នុងបន្ទាយប៉េអឹម ហើយអាជ្ញាធរក្រុង នឹងហៅភាគីទាំងសងខាងមកសម្របសម្រួលគ្នាម្តងទៀត ដើម្បីដោះស្រាយ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង លោក ប៉ុក តក បានឲ្យដឹងថា ចំពោះការជីកយកអាចមន៍ចាក់ក្នុងបន្ទាយប៉េអឹមខេត្តនេះ លោកបានជម្រុញឲ្យអ្នកជីកយកអាចមន៍នេះ មកធ្វើច្បាប់ទំលាប់ឲ្យបានត្រឹមត្រូវដែរ តែខាងប៉េអឹមបានសំណូមពរមកវិញថា គេជីកយកដីដាក់ក្នុងបន្ទាយទេ គេធ្វើដើម្បីប្រយោជន៍ជាតិ មិនមែនជីកបម្រើប្រយោជន៍ផ្ទាល់នោះទេ។

លោក ប៉ុក តក បានបន្តថា លោកបានឲ្យកូនចៅលោក ទៅមើលទីតាំងជីកហ្នឹងដែរ ហើយការជីកនេះមានជម្រៅ៤ម៉ែត្រ ការជីកដីជាទូទៅ លោកបានណែនាំឲ្យអ្នកជីកត្រូវជីកមិនឲ្យលើសពី៥ទៅ៦ម៉ែត្រ ហើយត្រូវទុកជើងទេ និងទប់ទំនប់ឲ្យបានត្រឹមត្រូវ តែចំពោះប្រជាពលរដ្ឋប្រតិកម្ម និងក្រុមហ៊ុនជីកដីមកចាក់នៅបន្ទាយប៉េអឹមនេះ អាជ្ញាធរនឹងហៅមកសម្របសម្រួល បើមានការប៉ះពាល់ដីស្រែពលរដ្ឋនោះ និងត្រូវមានសំណងណាមួយដល់ពលរដ្ឋមិនថាតែជីកដីស្រែទេការដឹកដីនាំឲ្យខូចផ្លូវក៏ត្រូវមានជុសជុលឡើងវិញដែរ៕