(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ដែលធ្វើឡើងនៅវិមានសន្តិភាព។

សន្និបាតជាតិវិស័យសកម្មភាពមីនត្រូវបានបើកតាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញមកម្ល៉េះក្រោមអធិបតីភាពលោកឧបនា យករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និបាតនេះធ្វើឡើងក្រោមប្រធានបទ «ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីននៅឆ្នាំ២០២៥» ក្នុងគោលបំណងបង្ហាញពីសមិទ្ធផលរយៈពេល ២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ សន្និបាតនេះ ក៏មានគោលបំណងស្វែងរកឱកាស និងមធ្យោបាយនានា ដើម្បីកៀរគរធនធានសម្រាប់វិស័យសកម្មភាពមីនផងដែរ។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ីដែលប្រឈមបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ដែលជាលទ្ធផលនៃសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយយ៉ាងយូរក្នុងប្រទេស និងក្នុងតំបន់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងឆ្នាំ១៩៩៨។

អាជ្ញាធរមីន បានឲ្យដឹងថា ស្ថានភាពទូទៅនៃបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានលក្ខណៈស្មុគស្មាញយ៉ាងខ្លាំង។ បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសចំនួនប្រមាណ ៦៤,៦៨៨នាក់ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមានពីមុនមក និងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសផងដែរ។

អាជ្ញាធរមីន បានឲ្យដឹងទៀតថា អស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងក្នុងការរំដោះផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ផ្ទៃដីទំហំ ១,៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ ក្នុងនោះមីនប្រមាណ ១.២៥លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ២.៧លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។

បើទោះបីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា បានទទួលស្គាល់ពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្តី ប៉ុន្តែផ្ទៃដីប្រមាណជា ២,០០០គីឡូម៉ែត្រក្រឡានៅមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឡើយ។

អាជ្ញាធរមីន រំពឹងថា កម្ពុជាមានសមត្ថភាពនឹងអាចរំដោះតំបន់ទាំងអស់ដែលដឹងថាមានមីនប្រឆាំងមនុស្សនៅត្រឹមឆ្នាំ២០២៥។ តែដើម្បីសម្រេចជោគជ័យនេះ គឺទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃវិស័យនេះ ក្នុងការរំដោះផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនេះ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាពសំដៅបញ្ចប់សោកនាដកម្មដ៏សែនឈឺចាប់ និងជំរុញការអភិវឌ្ឍនៅកម្ពុជា។

ដើម្បីឈានទៅសម្រេចជោគជ័យក្នុងការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យអស់ពីផ្ទៃដីកម្ពុជានៅត្រឹមឆ្នាំ២០២៥នេះ អាជ្ញាធរមីន ក៏បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ផងដែរ។ ផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃនេះ។

ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងសម្រេចឲ្យបាននូវចក្ខុវិស័យ «ប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានមីន ការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ដែលប្រព្រឹត្តទៅដោយសុខភាព»

ផែនការនេះ ក៏នឹងបង្ហាញពីវិធីសាស្ត្រដែលកម្ពុជា នឹងប្រើប្រាស់ដោះស្រាយបញ្ហាមីន និងសំណាល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសការរំដោះផ្ទៃដីដែលដឹងថា មានមីនប្រឆាំងមនុស្សឲ្យរួចរាល់ត្រឹមឆ្នាំ២០២៥ និងការរៀបចំខ្លួន ដើម្បីឆ្លើយតបការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ២០១៥។

ដើម្បីសម្រេចចក្ខុវិស័យក្នុងការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឆ្នាំ២០២៥នោះ នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន បានកំណត់ថា នឹងរំដោះផ្ទៃដីទាំងអស់ដែលដឹងថា មានមីនប្រឆាំងមនុស្ស រំដោះផ្ទៃដីអាទិភាពដែលរងគ្រោះដោយគ្រាប់បែកចង្កោម កាត់បន្ថយហានិភ័យដែលបណ្តាលមកពីសំណាល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា និងស្វែងរកការគាំទ្រលើសិទ្ធិ និងសេវាកម្មសម្រាប់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រួសារ។

ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ក៏បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៨ និងគោលបំណងចំនួន២៧ផងដែរ។ គោលដៅទាំង៨នោះរួមមាន៖
១៖ រំដោះផ្ទៃដីដែលដឹងថា មានមានមីនឲ្យអស់ត្រឹមឆ្នាំ២០១៨
២៖ រំដោះផ្ទៃដីអាទិភាពដែលដឹងថាមានគ្រាប់បែកចង្កោមត្រឹមឆ្នាំ២០២៥
៣៖ ដោះស្រាយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត
៤៖ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យនៅកម្រិតអប្បបរមា ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ជនរងគ្រោះ នងិសហគមន៍រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
៥៖ រួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ
៦៖ ជំរុញនិសព្វាវុធ (ការធ្វើមិនឲ្យមានអាវុធ) និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើសកម្មភាពមីន
៧៖ បង្កើតសមត្ថភាពជាតិប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយបញ្ហាគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ២០២៥
៨៖ ធានាថាវិស័យសកម្មភាពមីនមានប្រព័ន្ធគ្រប់គ្រងគុណភាពល្អប្រសើរ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងដោយមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យយែនឌ័រ និងការការពារបរិស្ថាន។

ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីននេះ កម្ពុជាបានព្យាការណ៍ថាខ្លួនត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ។

ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥នេះ ក៏បានកត់សម្គាល់ផងដែរថា វិស័យសកម្មភាពមីននៅកម្ពុជាឈានដល់ចំណុចរបត់មួយយ៉ាងសំខាន់ គឺការផ្លាស់ប្តូរពីការពឹងផ្អែកលើជំនួយអន្តរជាតិមកជាការប្រើប្រាស់ថវិកាក្នុងស្រុក។ ការថយចុះថវិកាអន្តរជាតិអាចមើលឃើញកាន់តែច្បាស់ ហើយត្រូវបានជំនួសជាបន្តបន្ទាប់ដោយថវិការបស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលយកនូវការទទួលខុសត្រូវកាន់តែច្រើនឡើងក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ២០១៨៕