(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខប្រចាំខែឧសភា ឆ្នាំ២០១៨ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង២៖០០រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨តទៅតាម ប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹង ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹង មកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំបេឡាជាតិអតីតយុទ្ធជនបានប្រាប់អង្គភាពព័ទ៌មាន Fresh News ឲ្យដឹងថា «ចាប់ពីខែមេសាឆ្នាំ២០១៨តទៅ បងប្អូនអតីតយុទ្ធជនដែលជា ជនពិការ, និវត្តជន, ជនបាត់បង់សមត្ថភាពការងារ ប្រាក់របបសន្តិសង្គមប្រចាំខែ នឹងទទួលបានយ៉ាងទាបបំផុតត្រឹម ៤៨០,០០០ រៀល (បួនរយប៉ែតសិបពាន់រៀលគត់)»

ការសម្រួលឲ្យបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែឧសភា នាពេលនេះ បានធ្វើឡើង ក្រោយពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ស្នើឲ្យបើកប្រាក់របបផ្សេងៗ ជូនដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ នៅគ្រប់ស្ថាប័នទាំងអស់ ឲ្យបានមុនសប្តាហ៍ទី៣ នៃខែឧសភានេះ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ដោយសារសម្តេចតេជោ ហ៊ុន សែន យល់ឃើញថា បងប្អូនមន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធ បានបើកប្រាក់របប នៅមុនចូលឆ្នាំខ្មែរម្តងរួចមកហើយ ដូច្នេះ ដើម្បីសម្រួលដល់ការខ្វះខាត សម្តេចក៏ស្នើឲ្យមានការបើកប្រាក់របប ឲ្យបាន យ៉ាងយូរមុនសប្តាហ៍ទី៣ នៃខែឧសភានេះ៕