(ភ្នំពេញ)៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មី២ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ បើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជាង៧លានដុល្លារ បង្កើតការងារជាង៣ពាន់កន្លែង។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖

១៖ ក្រុមហ៊ុន WEDGE GLOBAL APPAREL CO., LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។

២៖ ក្រុមហ៊ុន FASHIONTEX APPAREL CO., LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៦២៨កន្លែង៕