(ឧត្តរមានជ័យ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើឲ្យប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យថ្មី ដែលទើបឡើងកាន់ដំណែងជាផ្លូវការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវពង្រឹងការងារ និងតួនាទីបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាន ឲ្យបានល្អប្រសើរ និងបន្តយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ជាពិសេស ធ្វើយ៉ាងណា បម្រើប្រជាពលរដ្ឋ ឲ្យបានល្អ និងគោរពតួនាទី ការងារ របស់ខ្លួនឲ្យបានត្រឹមត្រូវ។

ការស្នើរបស់រដ្ឋមន្រ្តី វង សូត នាពេលនេះបានធ្វើឡើង នៅក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យថ្មី លោក ចូវ សង្អៀប ដែលបានរៀបចំឡើង នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីមន្រ្តីក្រសួង និងមន្ទីរសង្គមកិច្ច, អភិបាលរងខេត្តឧត្តរមានជ័យ និង កងកម្លាំងអាវុធហត្ថជាច្រើននាក់ទៀត។

ក្រោយទទួលបានតំណែងជាផ្លូវការលោក ចូវ សង្អៀប ដែលទើបបានក្លាយជាប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ បានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងបំពេញការងារឲ្យបានល្អ ហើយនឹងគោរពតាមតួនាទី ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យបានល្អបំផុត។

បើយោងតាមរបាយការណ៍លោក សេង​ គឹមសាន អតីតប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ ដែលទើបចូលនិរត្តន៍នាពេលនេះ បានបញ្ជាក់ឲ្យដឹងថា ការងារកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា មន្រ្តីរាជការរបស់មន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ មានការសហការគ្នាបានល្អ និងមានសាមគ្គីភាបផ្ទៃក្នុង ក្នុងការអនុវត្តការងារពុំដែលមានបញ្ហាអ្វីកើតឡើងឡើយ ហើយក៏មិនដែលមានការប្តឹងតវ៉ា ឬដាក់ពិន័យផ្នែករដ្ឋបាលឡើយ។ ចំណែក ការបំពេញការងារ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺដំណើរការបានល្អ និងជួយដោះស្រាយជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ចំពោះការបំពេញនូវសកម្មភាពការងារមួយចំនួនទៀត ដូចជាការចុះអធិការកិច្ចមណ្ឌលថែទាំកុមារ ការបង្កើតមូលនិធិមនុស្សចាស់ និងការសាងសង់ផ្ទះជូនចាស់ជរា​ គឺទទួលបានលទ្ធផលល្អប្រសើរ៕