(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជំនួបពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម លើកទី៥ នៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៨នេះ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងជំរុញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។ ជាពិសេសផ្ដល់ឱកាស​ដល់ពាណិជ្ជករអាចស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគការចែករំលែកព័ត៌មាន តាមរយៈកិច្ចពិភាក្សាតាមវិស័យអាទិភាពមួយចំនួន រវាងប្រទេស​ឥណ្ឌា កម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម។

កិច្ចជំនួបពាណិជ្ជកម្មនេះ នឹងនាំមកនូវអត្ថប្រយោជន៍ និងផ្ដល់យុទ្ធសាស្រ្ដដល់កម្ពុជាជាច្រើន ក្រោមកិច្ចសហប្រតិបត្តិការសមាហរណកម្មក្នុងតំបន់ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្ម សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន អចលទ្រព្យ អប់រំ ព័ត៌មានវិទ្យា បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ រវាងប្រទេសទាំង៥ ឥណ្ឌា កម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម៕