(ភ្នំពេញ)​៖ ព្រះរាជអាជ្ញារង សៀង សុខ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្រេចបញ្ជូនខ្លួនលោកឧកញ៉ា​ ហូ​ ចំរើន​ នៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃវិញ បន្ទាប់ពីបានសាកសួរអស់ជាច្រើ​នម៉ោង ហើយនៅថ្ងៃស្អែកនឹងបន្តការសាកសួរទៀត។

ព័ត៌មានច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ឧកញ៉ា ហូ ចំរើន ត្រូវបានបញ្ជូនទៅឃុំខ្លួនបន្តនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃវិញហើយនៅថ្ងៃនេះ ដោយមិនទាន់សម្រេចចោទប្រកាន់នៅឡើយទេ រង់ចាំការសាកសួរនៅថ្ងៃស្អែកបន្តទៀ។

សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ ​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕