(កោះកុង)៖ ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិ ឃុំជាមួយរាជរាជរដ្ឋាភិបាលកម្ពុជា អោយមានការរីកចំរើនបន្តទៀត លោក លី សាម៉េត ដោយសារមានសេចក្តីស្រលាញ់ និងស្មោះត្រង់ជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន បានចំណាយថវិកាផ្ទាល់ខ្លួនជាង៣៣៥ លានរៀល ធ្វើការអភិវឌ្ឍន៍ទៅលើវិស័យអាណាចក្រ និងពុទ្ធចក្រ នៅក្នុងឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ការចូលរួមអភិវឌ្ឍន៍នៅតាមមូលដ្ឋាន នៅស្រុកស្រែអំបិល ខេត្តកោះកុងនេះ លោក លី សាម៉េត បានមានប្រសាសន៍នាពេលថ្មីៗនេះថា «នេះជាការចូលរួមចំណែកមួយភាគជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខ ដឹកនាំប្រទេសឈានមកការរីកចំរើនដូចសព្វថ្ងៃនេះ»

លោកមានប្រសាសន៍ទៀតថា ថវិកាជាង៣៣៥លានរៀលនេះ គឺចូលរួមអភិវឌ្ឍន៍ ទៅលើវិស័យអាណាចក្រ និងពុទ្ធចក្រ រួមមានដូចជា សាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំស្រែអំបិល អស់ថវិកា១២លានរៀល, នាំថវិកាជាង៥០លានរៀល ដោយផ្តើមអង្គកឋិនទានដង្ហែរចូលវត្តសាមគ្គីគីរីទ័ពជាង ក្នុងឃុំដងពែងដើម្បីកសាងផ្លូវចំងាយជាង២៥០ម៉ែត្រឡើង ទៅកាន់ព្រះវិហារ, នាំថវិកាជាង៥០លានរៀល ដោយផ្តើមអង្គកឋិនទានដង្ហែរចូលវត្តអង្គរភ្នំខ្លុង ឃុំស្រែអំបិល ដើម្បីរៀបការ៉ូឡាជុំវិញព្រះវិហារ, បាននាំមកនូវថវិកាផ្ទាល់ខ្លូនចូលរួមកសាងសមិទ្ធផលនានា ក្នុងវត្តមាគ៌ាគីរីស្រែអំបិល ចំនួន៤លានរៀល និងវត្តសាលាម្នាងចំនួន៤លានរៀល និង នាំមកនូវថវិកាផ្ទាល់ខ្លួនចំនួនជាង១៤លានរៀល ដើម្បីចាក់ដីគ្រួសក្រហមចំងាយជាង១៥០ម៉ែត្រ ចូលវត្តមាគ៌ាគីរីស្រែអំបិល, ជួយចាក់ដីបំពេញ ដើម្បីសាងសង់ប៉ុស្តិ៍រដ្ឋបាលដងពែង អស់ថវិកា២លានរៀល, បានផ្តល់ ថវិកា៣លានរៀល ដើម្បីចាក់ដីគ្រួសក្រហមឆ្លងកាត់ប្រឡាយ ចូលទៅកាន់សាលាបឋមសិក្សាវាលជើង បង្កភាពងាយស្រួលដល់សិស្សានុសិស្សដើរទៅរៀន។

លោក លី សាម៉េត បញ្ជាក់អោយដឹងទៀតថា ក្រៅពីការងារអាណាចក្រ និងពុទ្ធចក្រនេះ លោកបានចូលរួមចែកអំណោយផ្នែកមនុស្សធម៌ដល់ ប្រជាពលរដ្ឋចំនួនជិត៧០០គ្រួសារ និងសិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីសមត្ថកិច្ចមូលដ្ឋាន នៅឃុំស្រែអំបិល សរុបថវិកាជាង១៩២លាន រៀល និងបានចែកជូនប្រជាពលរដ្ឋដែលក្រីក្រគ្មានអ្នកទីពឹង និងប្រជាជនមានជំងឺប្រចាំកាយចំនួន៨គ្រួសារ អស់ថវិកា៣លាន២០ម៉ឺនរៀលផងដែរ។
លោក កែវ សុខ មេឃុំស្រែអំបិល តំណាងអោយប្រជាពលរដ្ឋក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានថ្លែងអំណរគុណដល់ លោក លី សាម៉េត ដែលលោកបានចំណាយនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍នៅភូមិ ឃុំស្រែអំបិលនេះ។

លោកមេឃុំបានអោយដឹងបន្ថែម ថា លោកលី សាម៉េត ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវចូលសាលារៀន កសាងផ្លូវចូលទីអារ៉ាម និង កសាងនូវសមិទ្ធផលជាច្រើនទៀត។ គួរបញ្ចាក់ផងដែរថា កាលពី ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ លោក លី សាម៉េត បានជួយកសាងប៉ុស្តិ៍រដ្ឋបាលដងពែង អស់ថវិកា ៥០០ដុល្លា អាមេរិក។

ការដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ឃុំស្រែអំបិល និងឃុំដងពែងនេះ លោក លី សាម៉េត បានបញ្ជាក់ នឹងមានការចូលរួមជាបន្តទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបច្ចុប្បន្នប្រទេសកម្ពុជា ពិតជាមានសន្តិភាពពេញលេញ នៅទូទាំងប្រទេស ហើយកំណើនសេដ្ឋកិច្ចគឺមានការកើនឡើង ជារៀងរាល់ឆ្នាំក្នុងរង្វង់៧%ផងដែរ៕