(ភ្នំពេញ)៖ បន្ទាប់ពីក្រុមអ្នកជំនាញកសិកម្ម និងអ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួន បានបង្ហាញក្តីបារម្ភរបស់គេ តាមរយៈព័ត៌មានក្នុងស្រុកមួយ អំពីករណីដែលក្រុមហ៊ុនរបស់វៀតណាម ចង់បោះទុនវិនិយោគដាំបន្លែ ផ្លែឈើ ដើម្បីនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកថា អាចនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផលិតកម្ពុជានោះ, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតប និងចាត់ទុកក្តីបារម្ភរបស់ពួកគេថា ជាការដឹងរឿងនៃបំណងវិនិយោគនេះ មិនទាន់បានស៊ីជម្រៅ ហើយយកទៅបកស្រាយខុសការពិត។

លោក វេង សាខុន បានពន្យល់ថា ការជួបសំណេះសំណាលជាមួយអ្នកវិនិយោគទុនវៀតណាមកន្លងមកនេះ គឺអ្នកវិនិយោគវៀតណាម គ្រាន់តែគេចង់បង្ហាញពីបំណង របស់គេចង់មកបោះទុនវិនិយោគ លើវិស័យកសិកម្មតែប៉ុណ្ណោះ។

លោកបន្តថា បំណងវិនិយោគលើកការដាំដុះដំណាំបន្លែនោះ គឺគេចង់ដាំដុះជាប្រភេទបន្លែសរីរាង្គតែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់សណ្ឋាគារ និងកន្លែងលំហែរកាយនៅកម្ពុជា ដែលមានបំណងបោះទុន វិនិយោគនាពេលខាងមុខ និងនាំទៅផ្គត់ផ្គង់សណ្ឋាគាររបស់គេ នៅប្រទេសវៀតណាមផងដែរ ព្រោះគេបានមើលឃើញ មានបញ្ហានៅវៀតណាម។

លោករដ្ឋមន្ត្រីបន្ថែមថា ការរៀបចំដីដាំដុះនោះ គឺជាទីតាំងដាំដុះគំរូ និងបង្ហាញឲ្យកសិករដាំតាមតែប៉ុណ្ណោះ ហើយគេនិងធ្វើការប្រមូលទិញ តាមការអនុវត្តធ្វើកសិកម្ម តាមកិច្ចសន្យា ទន្ទឹមនឹងនេះនឹងមានការរៀបចំវេចខ្ចប់នាំទៅកាន់ ប្រទេសវៀតណាមវិញដែរ។ លោកថា ការវិនិយោគនេះក៏គេចង់វិចខ្ចប់ ផលិតផលកសិកម្ម ដែលកសិករកម្ពុជាផលិតបានដែរ ដូចជាផ្លែស្វាយជាដើម។

លោក វេង សាខុន សង្កត់ធ្ងន់ថា «ការមានបំណងវិនិយោគនេះ គឺផ្ទុយទាំងស្រុងទៅនឹងការឃោសនាអកុសលរបស់ជនអគតិ ចង់គេងចំណេញខាងនយោបាយ និងបង្ហាញថា នៅកម្ពុជាមានតែអង្គការគេតែមួយប៉ុណ្ណោះ ដែលចេះគិតគូរពីកសិកម្មតែប៉ណ្ណោះ ហើយលោកដែលបានបង្ហើរសំឡេងនោះ ក៏ពុំបានដឹងការពិត និងស៊ីដម្រៅស្តីពីការបំណង របស់គេក្នុងការវិនិយោគនេះទេ»។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាម FLC Group ដែលមានបំណងចង់បោះទុនវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារ បានចូលជួបពិភាក្សាការងារ។

ក្នុងឱកាសនោះ ក្រុមហ៊ុនមួយនេះ បានបង្ហាញនូវបំណងចង់បោះវិនិយោគ លើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក រួមទាំងចង់ការកែឆ្នៃ និងវិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ៕