(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកនេះ បានលើកឡើងថា កម្ពុជាពិតជាបានឆ្លើយតបទៅនឹងវិស័យសកម្មភាពមីននៅកម្ពុជារយៈពេល២៥ឆ្នាំ ដោយបានមើលឃើញពីការទទួលផលពីដីចំការមីន ទៅជាដីបង្កបង្កើនផលយ៉ាងគំហុក។ លើសពីនេះផ្ទៃដីដែលបានរំដោះគ្រាប់មីន ឬគ្រាប់សំណល់មិនទាន់ផ្ទុះ ពិតជាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបានការចិញ្ចឹមជីវិតយ៉ាងល្អប្រសើរផងដែរ។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបានអញ្ជើញបើកសន្និបាតជាតិវិស័យបច្ចេកទេសមីន ឆ្ពោះទៅរកកម្ពុជា ដែលគ្មានមីនឆ្នាំ២០២៥ ក្នុងនោះមានអង្គសន្និបាតចូលរួមប្រមាណ៨០០នាក់ មកពីបណ្តាស្ថានទូត ស្ថាប័នជាតិ-អន្តរជាតិ ស្ថាប័នដៃគូបោសសម្អាតមីន ប្រតិបត្តិករណ៍ជាតិ និងឯកជនជាដើម នៅវិមានសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់ចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការគិតគូការអភិវឌ្ឍ ការរីកចម្រើន ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយជាងការគិតគូពីអតីតកាលដែលកម្ពុជា បានរងគ្រោះដោយសារមីនពីប្រទេសដទៃ។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ សម្រាប់វិស័យសកម្មភាពមីន រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងរហូតឈានទៅដល់ការកាត់បន្ថយភាពក្រីក្រ នៅតាមតំបន់ ដែលជាទីតាំងសម្បូរដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះក្នុងសង្គ្រាម។

សូមរំលឹកដែរថា គោលបំណងសំខាន់នៃសន្និបាតនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីសមិទ្ធផលរយៈពេល២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្រ្គាម (ស.ផ.ស) រួមទាំងមធ្យោបាយនានា ដើម្បីកៀរគរធនធានសម្រាប់វិស័យសកម្មភាពមីនផងដែរ។

រយៈពេល២៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេង ក្នុងការរំដោះផ្ទៃដីដែលមានមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម (ស.ផ.ស) និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារមីន និង ស.ផ.ស យ៉ាងច្រើនសន្ធឹកសន្ធាប់។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះ ផ្ទៃដីទំហំ១.៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ គ្រាប់មីន ចំនួនប្រមាណ១,២៥លានគ្រាប់ និង សំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួនប្រមាណ២,៧លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។

ទោះបីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍នានា បានទទួលស្គាល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការដោះមីន និង ស.ផ.ស នៅកម្ពុជា ក៏ដោយ យើងបានប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល២០០០គីឡូម៉ែត្រក្រឡា នៅមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឡើយ៕