(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី១១ ខែឧសភាម្សិលមិញ ក្រុមអត្តពលិកតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿងហើយ នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី ក្នុងនោះមានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ២។ នេះបើតាមការឲ្យដឹងរបស់លោក កៅ មករា អគ្គលេខាធិការរងសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ពីប្រទេសម៉ុងហ្គោលនាព្រឹកនេះ។

លោក កៅ មករា បានបញ្ជាក់ថា ក្នុងចំណោមមេដាយដណ្ដើមបានខាងលើ ភាគច្រើនគឺដណ្ដើមបានដោយក្រុមថ្នាលយុវជនរបស់កម្ពុជា ដែលធ្វើបានយ៉ាងល្អគ្រប់ៗគ្នា។ ប៉ុន្ដែយ៉ាងណាបេសកកម្មមួយនេះ មិនទាន់បញ្ចប់នៅឡើយទេ ដោយកម្ពុជាសល់ការប្រកួតក្នុងដៃចំនួន ១៩វិញ្ញាសាទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភានេះ ហើយលោកជឿជាក់ថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជា នឹងបន្ដធ្វើបានល្អ ដើម្បីដណ្ដើមមេដាយជូនជាតិបន្ថែមទៀត។

សូមបញ្ជាក់ថា បេសកកម្មនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ២៤នាក់ទៅចូលរួមប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី នៅម៉ុងហ្គោលី ដែលចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ខណៈមាន ៤២ប្រទេសចូលរួម៕