(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទបន្តសកម្មភាពចុះត្រួតពិនិត្យ រកមើលទំនិញគ្មានគុណភាព និងផុតថ្ងៃបរិច្ឆេទ ដែលអាជីវកបានដាក់លក់តាមតូប តាមគេហដ្ឋាននានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យប៉ះពាល់សុខភាព និងអាយុជីវិតជាដើម។

លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា «ទោះបីយ៉ាងណា មន្ត្រីជំនាញយើង នៅតែបន្តសកម្មភាពត្រួតពិនិត្យទំនិញ ដើម្បីរកមើលទំនិញណាគ្មានគុណភាព សុពភាពទំនិញណាដែលអាជីវករ បានដាក់តាំងលក់ឲ្យទៅប្រជាពលរដ្ឋយកទៅបរិភោគ ដែលបង្កឲ្យប៉ះពាល់សុខភាពរបស់ពួកគាត់»

លោកបានផ្ដាំផ្ញើដល់អាជីវកទាំងអស់ថា សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះមុខទំនិញដូចជា៖ ទឹកក្រូច មានអាយុត្រឹមតែ៦ខែ, មី, មីកំប៉ុង, នំ មានអាយុត្រឹមតែ៣ខែប៉ុណ្ណោះ ប្រសិនជាអ្នកមិនឧស្សាហ៍ព្យាយាមពិនិត្យទេ គឺយើងខាត់បង់ថវិកាផ្ទាល់ខ្លួន​ និងពេលវេលាផងដែរ។

អាជីវករទាំងអស់បានថ្លែងថា ទោះបីជាទំនិញរបស់គាត់ ត្រូវបានមន្ត្រីជំនាញបានដកហូតក៏ដោយ តែមន្ត្រីជំនាញបានចុះពិនិត្យអប់រំដល់ពួកគាត់ និងទទួលបានចំណេះដឹង ការទុកដាក់ទំនិញ ការវេចខ្ចប់ ត្រូតពិនិត្យទំនិញណាមកពីប្រទេសណា ថ្ងៃផលិត និងថ្ងៃបរិច្ឆេទ។

សូមបញ្ជាក់ថា មន្ត្រីជំនាញបានដកហូតបានវត្ថុតាងទំនិញគ្មានគុណភាព និងផុតថ្ងៃបរិច្ឆេទរួមមាន៖ ស្ករគ្រាប់ LUSH ២៥កញ្ចប់ មកពីប្រទេសថៃ, ភេសជ្ជៈកំប៉ុង ៦កំប៉ុង, ទឹកក្រូចដបធំ Fanta ១២ដប, ទឹកក្រូចកំប៉ុង CAMELO​ ៣កំប៉ុង, ទឹកក្រូចដបតូច IZE COLA ចំនួន២៨កំប៉ុង, ទឹកដោះគោខាប់ ២៤កំប៉ុង, កាហ្វេកំប៉ុង ៤៥កំប៉ុង, ភេសជ្ជៈ Bacchus ចំនួន៤កំប៉ុង, ភេសជ្ជៈ OISHI ចំនួន ៥៣កំប៉ុង, ទឹកក្រូចដបតូចចំនួន ៨៤ដប និងនំស្រួយលីលី ២៣កញ្ចប់។ ទំនិញទាំងអស់នេះ មន្ត្រីជំនាញបានប្រមូលយកទៅរក្សាទុកនៅស្នាក់ការកាំកុងត្រូលខេត្ត ដើម្បីរង់ចាំដុតកម្ទេចចោល៕