(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធប្រើប្រាស់អ៊ីនធើណិតជាសាធារណៈ (Public WiFi) ដោយឥតគិតថ្លៃ នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨, ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍កម្ពុជា គ្រោងនឹងបន្ដដាក់ឲ្យប្រើប្រាស់ នូវប្រព័ន្ធអ៊ីធើណិតសាធារណៈនៅ៣ទីតាំងទៀត ក្នុង​រាជធានីភ្នំពេញ។

លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា «ក្រសួងប្រៃសណីយ៍ គ្រោងនឹងបន្ដដាក់ឲ្យប្រើប្រាស់​ប្រព័ន្ធអ៊ីនធើណិតសាធារណៈ ចំនួន៣ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញរួមមាន៖ ទីតាំងវត្តភ្នំ, ទីតាំងសួនច្បារមុខទីស្ដីការគណៈរដ្ឋមន្រ្ដី (សួនច្បារក្ដាន់២) និងសួនច្បារមុខវត្តបុទមវត្តី រួមទាំងបណ្ដាខេត្តមួយចំនួនទៀត ក្នុងប្រទេសកម្ពុជា»

លោកបានបញ្ជាក់ទៀតថា មួយទីតាំងៗពលរដ្ឋអាចប្រើប្រាស់ប្រព័ន្ធអ៊ីធើណិត បានប្រមាណ៥ម៉ឺននាក់ ហើយអ្នកដែលអាចប្រើប្រាស់ប្រព័ន្ធអ៊ីធើណិត​នេះបាន ទាល់តែអ្នកនោះស្ថិតក្នុងបរិវេណសួនច្បារទើបអាចប្រើប្រាស់បាន។ មួយវិញទៀត ប្រព័ន្ធអ៊ីធើណិត (Public Wi-Fi) ជាអ៊ីនធើណិតល្បឿនលឿន និងបច្ចេកវិទ្យាទំនើប ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ (Korea Telecom)​ នៃសាធារណរដ្ឋកូរ៉េ និងក្រសួងប្រៃណីយ៍​ និងទូរគមនាគមន៍នៃកម្ពុជា។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃណីយ៍​ និងទូរគមនាគមន៍​កម្ពុជា បានឲ្យដឹងថាក្រៅពីគម្រោងអនុវត្តតភ្ជាប់ទៅតាមទីតាំងសាធារណៈ​ក្រសួងប្រៃសណីយ៍ ក៏គ្រោងនឹងដាក់ប្រព័ន្ធតភ្ជាប់ឌីជីថល ទៅកាន់សាលារៀនចំនួន៣ទីតាំងរួមមាន៖ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្ថិតក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំ, វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងវិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា គម្រោងប្រព័ន្ធ WiFi សាធារណៈក្នុងរាជធានីភ្នំពេញ គឺមាននៅតាមបណ្ដោយសួនច្បារ សម្ដេច ហ៊ុន សែន ចាប់ពីខាង​កើតវិមានឯករាជ្យ រហូតដល់អាគារណាហ្គាវើល I និងនៅខាងមុខព្រះបរមរាជវាំង។ គោលបំណងក្នុងការតភ្ចាប់ WiFi សាធារណៈ និងការតភ្ចាប់​ប្រព័ន្ធ​ឌីជីថលទៅកាន់សាលារៀននេះ ដើម្បីផ្ដល់ប្រព័ន្ធអ៊ីធើណិតល្បឿនលឿន ដលសាធារណជន តាមសួនច្បារ, ផ្ដល់ភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្ដរជាតិ ក្នុងការប្រើប្រាស់សេវាអ៊ីធើណិត ក្នុងកំឡុងពេលស្នាក់នៅ នៅទីសាធារណៈក្នុងទីក្រុងភ្នំពេញ និងដើម្បីពង្រីកសក្ដានុពលនៃការប្រើប្រាស់ សេវាអ៊ីធើណិតឲ្យបានទូលំទូលាយ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការសិក្សាមេរៀនថ្មីៗ ទៅនឹងកន្លែងឲ្យ​បានទាន់ពេលវេលា និងកាត់បន្ថយការចំណាយ ដល់អាណាព្យាបាលសិស្សានុសិស្ស។

សូមបញ្ជាក់ថា Public WiFi ជាជំនួយឥតសំណងរបស់ភាគីកូរ៉េ ដែលមានទឹកប្រាក់ចំនួន៤០០,០០០ដុល្លារ។ គម្រោងនេះក៏បានតភ្ជាប់​ទាំងពីរ​ទីតាំង (សួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង) ​កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ បានបញ្ចប់ការបំពាក់ និងដាក់ឲ្យប្រើប្រាស់សាក់ល្បងនៅថ្ងៃទី១២ ខែមេសា និងដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ៕