(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់។

បន្ទាប់ពីទទួលបានព័ត៌មានថា កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ មានករណីខ្យល់កន្ត្រាក់បណ្ដាលឲ្យមានការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ ចំនួន២១ខ្នង ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃពុធ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ លោក វ៉ី សំណាង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយខ្យល់កន្រ្តាក់។

លោកអភិបាលខេត្ត បានឲ្យដឹងថា ទោះជាបីទំហំ នៃការរងគ្រោះរបស់ប្រជាពលរដ្ឋបែបណាក៏ដោយ វាជាទុក្ខលំបាកមួយដែលយើងម្នាក់ៗ មិនចង់ឃើញ និងមិនចង់ជួបឡើយ។ ប៉ុន្តែអ្វីដែលកាកបាទក្រហមកម្ពុជា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវជួយដោះស្រាយដំបូង និងជាបឋមនោះសម្រាប់ ប្រជាពលរដ្ឋរងគ្រោះគឺស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។

លោកបញ្ជាក់ទៀតថា ជាក់ស្ដែងអំណោយដែលនាំយកប្រគល់ជូននៅថ្ងៃនេះ បានបញ្ជាក់ច្បាស់ថា ទីណាមានទុក្ខលំបាកទីនោះមានមុខកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច។
លោកបន្ថែមថា យើងត្រូវជឿជាក់ទៀតថា ដរាបណាមានកាកបាទក្រហមកម្ពុជា និងសង្គមជាតិស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនទុកឲ្យប្រជាពករដ្ឋមានការលំបាក ហើយប្រទេសជាតិ ទទួលបានការរីកចម្រើន ជាក់មិនខានឡើយ។

លោកបានបន្តទៀតថា អំណោយយកមកចែកជូននៅពេលនេះ​តិចតួចទេ ប៉ុន្តែក៏អាចជួយដោះ​ទាល់បានមួយរយៈ​​អាស្រ័យ​​​លើ​ស​មាជិកគ្រួសារ។ ក្នុងមួយ​គ្រួសារទទួល​នៅពេល​នេះមាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខ, មី, តង់ ថវិកា, និងសម្ភារផ្សេងៗមួយចំនួនទៀត។

លោក វ៉ី សំណាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ត្រូវប្រយ៉ាប់រាយការណ៍ទៅអាជ្ញាមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា ៕