(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្ស ហ្វ៊ុនស៊ិនប៉ិច មួយទៀតហើយ ដែលបានទៅចុះបញ្ជីគណបក្ស និងចុះបញ្ជីបេក្ខជនចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី០៦។ នេះបើតាម លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលបានថ្លែងប្រាប់​​បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។

សូមជម្រាបថា រហូតដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីរួចរាល់ រួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនសិនប៉ិច។

រហូតដល់ពេលនេះ ក៏មានគណបក្សនយោបាយចំនួន២២ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ និងមានគណបក្សនយោបាយចំនួន៨ បានតម្កល់ប្រាក់នៅរតនាគារជាតិ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត។

រយៈពេល នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន​១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕