(កូរ៉េ)៖ ដើម្បីកាត់បន្ថយចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ ព្រមទាំងការអនុវត្តយន្ដការបង្ខិតការផ្ដល់សេវាឱ្យកៀកជិតមូលដ្ឋាន ក៏ដូចជា ការលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមប្រកាសបន្តសុពលភាពលិខិតឆ្លងដែន និងពិនិត្យព្យាបាលជម្ងឺ ជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។

ឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង លោក ឡង់ ឌីម៉ង់ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះថា ស្ថានទូតមានកិត្តិយស សូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ជាពិសេសនៅខេត្តជេជូ បានជ្រាបថា ស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) និងសហគមន៍ខ្មែរនៅខេត្តជេជូ បានរៀបចំកម្មវិធីដូចតទៅ៖

ទី១៖ កម្មវិធីបន្ដសុពលភាពលិខិតឆ្លងដែនជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ទី២៖ កម្មវិធីពិនិត្យព្យាបាល សុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។
បើតាមលោក ឡុង ឌីម៉ង់ សម្រាប់កាលបរិច្ឆេទ៖ ថៃ្ងអាទិត្យ ទី១៣ ខែ ឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៣:០០រសៀល ដល់ម៉ោង ១៧:០០រសៀល នៅមជ្ឈមណ្ឌល MEDI Check ដែលមានអាសយ័ដ្ធាន 63136 제주특별자치도 제주시 옌북로 111។ សូមយកភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន និងរូបថត(៤x៦) ០១សន្លឹក៕