(សៀមរាប)៖ ​លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ​ខេត្តសៀមរាប និងសហការី នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះរលំផ្ទះ ដោយខ្យល់កន្ត្រាក់មួយគ្រួសារ ​នៅភូមិដូនក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ​ ក៏អាចជួយសម្រាលទុក្ខបាក​បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស​កាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន​នោះរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ តុង១ អង្ករ១០០គីឡូក្រាម មី១កេស និងថវិកា​៤សែនរៀល​។ អនុសាខាក្រុងសៀមរាប បានឧបត្ថម្ភបន្ថែម អង្ករ​៥០​គីឡូក្រាម មី២កេស ទឹក២យួរ សាប៊ូ១ធុង ៤លីត្រ និងថវិកា១សែនរៀល៕