(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបិទសិក្ខាសាលាថ្នាក់តំបន់អាស៊ី ស្តីអំពីការអនុវត្តអនុសញ្ញាអាវុធគីមី និង​ការគ្រប់គ្រងសន្តិសុខ និង​សុវត្តិភាពគីមី សម្រាប់រដ្ឋជាសមាជិក នៃអនុសញ្ញាអាវុធគីមី ក្នុង​តំបន់អាស៊ី ដែលបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប។

សិក្ខាសាលានេះ រៀបចំដោយ អាជ្ញាធរជាតិអាវុធគីមី ដោយបានចាប់ផ្តើម កាលពីព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០១៨នេះ និងបានបើកក្រោមអធិបតីភាព លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ និងតំណាងអង្គការ OPCW លោក Rohan Perera។

ថ្នាក់ដឹកនាំក្រសួងការពារជាតិ រួមទាំងតំណាងអង្គភាព ស្ថាប័ន ដៃគូជាតិ និងអន្តរជាតិជាច្រើន ក៏បានចូលរួមក្នុងពិធីបិទសិក្ខាសាលានេះដែរ។

កម្មវីធីនេះ បានធ្វើបទបង្ហាញ ទាក់ទងនឹង​ការគ្រប់គ្រងនាំចេញ និង​នាំចូលនៃទំនិញគីមី ទាក់ទងនឹង​ការបង្កើតក្របខណ្ឌជាតិ ដើម្បីគ្រប់គ្រង​ហានិភ័យ ដែលប៉ះពាល់ដល់​សន្តិសុខ និង​សុវត្តិភាព និង​មានការធ្វើបទបង្ហាញជាច្រើនផ្សេងៗទៀត ពីសំណាក់ប្រទេសដែលជាសមាជិកក្នុង​ការចូលរួម។

បើតាម នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការអាជ្ញាធរជាតិងាវុធគីមី បានឱ្យដឹងថា អង្គសិក្ខាសាលារយៈពេល០៣ថ្ងៃនេះ អ្នកចូលរួមបានធ្វើបទបង្ហាញពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពគីមី ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកព៌តមានដែលខ្លួនមាន បង្កើតបានជាគំនិតថ្មីៗក្នុងការអភិវឌ្ឍន៍វិស័យគីមី ដែលអនុសញ្ញាមិនហាមឃាត់ដូចមានចែងក្នុមាត្រា១១ នៃអនុសញ្ញាក៏ដូចជាការអនុវត្តន៍ អនុសញ្ញាអាវុធគីមី ដែលបច្ចុប្បន្នអនុសញ្ញានេះ មានសមាជិកចូលរួមរហូតដល់១៩២ប្រទេស។

លោកបានបន្តថា ក្នុងបទបង្ហាញ ក៏បានលើកឡើងផងដែរពីការព្រួយបារម្ភពីសារធាតុគីមីទ្វេមុខក្នុងករណីគ្រប់គ្រងមិនបានល្អ សារធាតុទាំងនោះអាចនឹងយកមកផលិតជាអាវុធគិមីបាន ដូច្នេះការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មនៅតាមក្រុមហ៊ុន សហគ្រាសដែលមានប្រើប្រាស់សារធាតុគីមីត្រូវតែឃ្លាំមើលពីក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមកម្រិតកំណត់។

លោកបានបន្ថែមទៀតថា សិក្ខាសាលារយៈពេល០៣ថ្ងៃនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការOPCW និងបណ្តាប្រទេសជាសមាជិកនៃអនុសញ្ញាហាមឃាត់អាវុធគីមី ក្នុងការទប់ស្កាត់ហានិភ័យដែលអាចនឹងកើតមានឡើងបណ្តាលមកពីការគ្រប់គ្រងសារធាតុគីមីមិនបានល្អ ដែលបង្កនូវមហន្តរាយដល់អាយុជីវិតប្រជាជននៅទូទាំងពិភពលោកពិសេសនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕