(ស្វាយរៀង)៖ ថ្លែងចេញខេត្តស្វាយរៀង ទីដែលរងការទម្លាប់គ្រាប់បែកស្ទើររាល់ថ្ងៃ កាលពីអតីតកាល ខណៈដែលបច្ចុប្បន្នជាខេត្តមួយ ពោរពេញទៅដោយការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសវិស័យឧស្សាហកម្មនោះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពង្រាយរោងចក្រទៅតាមបណ្ដាខេត្ដ ដើម្បីផ្ដល់ការងារជូនពលរដ្ឋនោះ គឺបន្ទាប់ពីការពង្រាយសាលារៀនទៅតាមភូមិឋាន ដើម្បីផ្ដល់ចំណេះដឹង។

បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងរបបប្រល័យពូជខេត្តស្វាយរៀង ក៏ជាតំបន់ប្រយុទ្ធ​តំបន់សង្គ្រាមដ៏ស្រួចស្រាវផងដែរ ហើយ​នៅតាមព្រំដែន កម្ពុជា-វៀតណាម កម្ពុជា-ថៃ កម្ពុជា-ឡាវ ពោរពេញដោយលេណដ្ឋាន តែបច្ចុប្បន្នតំបន់ព្រំដែននេះ​ បានក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ច គ្រប់បែបយ៉ាង។

ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច បន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៨,៥៨៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៦ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតម្កល់ប្រយោជន៍ប្រជាជាតិជាធំរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការពង្រាយរោងចក្រត្រូវធ្វើ ដែលនេះជាកម្មវិធីមួយបន្ទាប់ពី ការពង្រាយសាលារៀនឲ្យក្មួយៗ កាលពីមុនខិតខំពង្រាយសាលារៀន ទៅឲ្យក្មួយតាមមូលដ្ឋាន ដើម្បីក្មួយមានឱកាសរៀន នៅតាមភូមិរបស់ខ្លួន កម្រិតបឋមសិក្សា និងអនុវិទ្យាល័យយ៉ាងតិចមួយ​ក្នុងមួយឃុំ និងមានវិទ្យាល័យច្រើន នៅស្រុកនីមួយៗ»

សម្ដេចតេជោ បានគូសបញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងបាវិ​ត មានចំនួន៨ ខណៈនៅទូទាំងខេត្តស្វាយរៀង មានចំនួន១១​ ខណៈដែលតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត ត្រូវបានសម្តេចបង្កើតដោយផ្ទាល់ដៃ ពោលសម្តេចជាឆ្មប នៃតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិតនេះតែម្ដង។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ទំនិញផលិតនៅក្រុងបាវិតភាគច្រើន នាំចេញទៅក្រៅប្រទេស តាមច្រករបៀងប្រទេសវៀតណាម គឺមានភាពងាយស្រួលជាងការដឹក ទៅផែនៅខេត្តព្រះសីហនុ ពោលចំណេញទាំងពេលវេលា និងចំណេញទាំងតម្លៃ ដែលនេះហើយជារបៀបនៃការតភ្ជាប់តំបន់សេដ្ឋកិច្ច​។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៅកាន់​កម្មករ កម្មការិនីថា ប្រសិនបើចង់បន្តទទួលបានប្រាក់ឈ្នួលសម្រាប់ទ្រទ្រង់ជីវភាព ដំបូងគេត្រូវរក្សាឲ្យបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម ព្រោះគ្មានការអភិវឌ្ឍណាកើតក្នុងផ្ទៃប្រទេសដែលមានសង្គ្រាមនោះទេ ពោលមានតែប្រទេសដែលមានសន្ដិភាពតែប៉ុណ្ណោះ៕