(ស្ទឹងត្រែង)៖ លោក យូរ ចំរើន ប្រធាន​សាខាកាំ​កុង​ត្រូលខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យបងប្អូន​អាជីវករ លក់ដូរទំនិញគ្រប់ប្រភេទ ត្រូវ​ចូលរួម​​​​អនុវត្តគោលការណ៍ លើក​កំពស់​សុវត្ថិភាពចំណីអាហារ ​រួមគ្នាថែរក្សា​សុខភាព រស់នៅទាំងអស់គ្នា ជាពិ​សេស​កុមារ ដែលកំពុង​ស្ថិតនៅក្នុងវ័យសិក្សា​ ​ដើម្បីចៀស​វាង​ពី​ការ កើតជម្ងឺផ្សេងៗ​។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក យូរ ចំរើន អញ្ជើញចូលរួមក្នុងសកម្មភាព ចុះផ្សព្វផ្សាយគោលការណ៍ លើកកំពស់សុវត្ថិភាព ចំណីអាហារ និងត្រួតពិនិត្យទំនិញនៅផ្សា​រស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ។

លោក យូរ ចំរើន បានឲ្យដឹងថា អាជីវករមួយចំនួន បាន​ដាក់ទំ​និញ​​​​លក់រាយប៉ាយលាយឡំគ្នា ដាក់ត្រូវកំដៅថ្ងៃ​ខ្លាំង និងដាក់ផ្ទាល់​ដី គ្មានអនាម័យ ប្រការនេះអាចធ្វើឲ្យ​ទំនិញខូច​គុណភាព​ ហើយនៅពេលអតិថិជនទិញ យកទៅប្រើប្រាស់ ឬយកទៅលក់​បន្ត ត្រូវខាតបង់ថវិកា​ និង​ពេលបរិភោគមានផលប៉ះពាល់ ដល់ផ្នែកសុខភាពថែមទៀត។

លោកថា រាល់បញ្ហាខាងលើនេះ​ អ្នកលក់ ឬអ្នកទិញ​ ត្រូវស្វែងយល់ឲ្យបានច្បាស់ពីការ​ថែរក្សាទំនិញ​របស់ខ្លួន ស្លាកសញ្ញា ​កាលបរិច្ឆេទប្រើប្រាស់ ​ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯង ពីព្រោះកន្លងមកនៅឃុំ​ព្រះរំកិល​ខេត្តស្ទឹងត្រែង ​​ធ្លាប់មាន​កូនចៅ​ប្រជា​ពលរដ្ឋរងគ្រោះ ​រហូតដល់ស្លាប់បាត់បង់ជីវិត ដោយសារតែបរិភោគ​ចំណី​អាហារ​ គ្មាន​អនា​ម័យ។

លោកបានថ្លែងថា «អញ្ចឹង​ដើម្បីចៀសវាង ផលប៉ះពាល់ដល់អតិថិជនម្ចាស់ទំនិញ ត្រូវមានការ​ទទួលខុសត្រូ​វ គឺត្រូវ​ទំនិញ ដែលមានជិតដល់បរិច្ឆេទកំណត់ប្រើប្រាស់ គឺត្រូវមានការទំនាក់​ទំនង ដល់​ម្ចាស់​ដើមទំនិញ ដើម្បី​រកម្ចាស់ទទួលខុសត្រូវ និងឲ្យមានការទុកដាក់ចៀសវាង ការត្រូវកំដៅថ្ងៃខ្លាំង ធ្វើឲ្យខូចគុណភាពដល់ទំនិញ»

លោកស្រី ហ៊ី សុខា អាជីវករលក់ទំនិញ នៅផ្សារ​ខេត្ត​ស្ទឹងត្រែង បានទទួលស្គាល់ថា ចំណីអាហារខ្វះអនាម័យ​ ឬ​ម្ចាស់អាជីវកម្ម​ ​ផលិតមិន​ត្រឹមត្រួវ​ ពិតជាធ្វើឲ្យប៉ះពាល់ដល់​សុខភាព​ជាក់ស្តែងដូចជា នៅខេត្តកំពង់ឆ្នាំង ​ប្រជា​ពល​រដ្ឋបានស្លាប់ ​ដោយ​សាពុលស្រាស ​​រហូតដល់ទៅជាង១០នាក់ ក្នុងពេលកន្លងមកថ្មីៗនេះ។

លោកស្រី សាទរ ចំពោះ​ណែនាំរបស់ មន្ត្រីសាខាកាំកុងត្រូល ដល់បងប្អូនអាជីវករ ពីព្រោះជា​ប្រ​យោ​ជន៍​ការ​ពារ ​និងលើកកម្ពស់សុខភាពទាំងអស់គ្នា ដោយមិនបាច់​ចំណាយ​ថវិកា ទៅលើការ​ឈឺស្កាត់។

លោក កិ សុភាព អាជីវករនៅផ្សារនេះ បានយល់ឃើញថា បើបានបងប្អូន អាជីវក​រ លក់ទំនិញ​មានគុណភាពល្អ​ សំរាប់​អ្នកទិញទៅលក់បន្ត និងអ្នកបរិភោគ ​ក៏មិនព្រួយបារម្ភ​ពីកត្តាគ្រោះថ្នាក់ ​នៃចំណីអាហារ​ប៉ះពាល់ លើផ្នែកសុខភាព​នេះដែរ។

លោកទទួលស្គាល់ថា បច្ចុប្បន្នចំណីអាហារមួយចំនួន ច្រើនរងគ្រោះតែនំកញ្ចាប់ ឬទឹកក្រូចដបជ័រតូចៗ សំរាប់កូនក្នេង ដែល​អាជីវករទិញចូល ពីប្រទេសជិតខាង​ច្រើន ​លក់មិនទាន់ ហួសកាលបរិច្ឆេទ​ប្រើ​ប្រាស់ នៅពេលលួចបន្លំដាក់លក់បន្ត ​កុមារទិញបរិភោគកើតជម្ងឺ ឈឺពោះ រាក ក្អូតជាដើម។

​លោកថា ក្នុងនាមជាប្រជាពលរដ្ឋ សូមសំណូមពរមន្ត្រី​សាខាកាំ​កុង​ត្រូល ចុះទៅដល់ទីប្រជុំជន ឬផ្ទះអាជី​វករ​លក់ដូរ នៅ​តាមមូលដ្ឋានផង​​ ពីព្រោះទីនោះ គ្មានមន្ត្រីជំនាញចុះទៅដល់ ហើយការគ្រោះថ្នាក់​ គឺកូនចៅប្រជាពលរដ្ឋ​ក្រីក្រ ដែល​ខ្វះ​ចំណេះដឹងផ្នែកនេះ។

សូមបញ្ជាក់ថា ឆ្នាំ២០១៨នេះ មន្ត្រី​សាខាកាំ​កុង​ត្រូល ​បានចុះអប់រំដល់បងប្អូនអាជីវកររឿយៗ ​ច្រើនលើករួច​មកហើយ ដើម្បីឲ្យមានការ​ប្រុងប្រយ័ត្នទាំង​អស់​គ្នា ​ហើយប្រជាពលរដ្ឋពេល​ទិញ​ផលិតផលផ្សេងៗ យកទៅបរិ​ភោគ​ត្រូវ ​ចេះ​ជ្រើសរើស​ យក​ចំណី​អាហារ​ណា​ ដែល​មាន​គុណ​ភាព និងអនាម័យល្អ៕