(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ នេត វន្ថា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមកបំភ្លឺជូនសាធារណជន និងថ្នាក់ដឹកនាំឲ្យបានជ្រាបច្បាស់ ដើម្បីកុំឲ្យយល់ច្រឡំជុំវិញករណីជនជាតិចិន បើករថយន្ដស៊ីរ៉េនពន្លត់អគ្គិភ័យ នៅខេត្តព្រះសីហនុ ហើយត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន។

បើតាមលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ជនជាតិចិនទាំង២នាក់នោះ ជាបុគ្គលិករបស់ក្រុមហ៊ុន «ហ្គោលដេន អ៊ីហ្គល ហ្វាអឺ ខិនត្រូល ខេមបូឌា» ដែលបានចុះកិច្ចសន្យាសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីត្រួតពិនិត្យឧបករណ៍បច្ចេកទេស និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ នៅតាមគោលដៅ និងកន្លែងប្រកបអាជីវកម្មនានា។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានចាត់បញ្ជូនមន្ដ្រីនគរបាលជំនាញអគ្គិភ័យម្នាក់ និងជាអ្នកបើកបរផងដែរ ដោយសហការជាមួយ​ក្រុមហ៊ុន «ហ្គោលដេន អ៊ីហ្គល ហ្វាអឺ ខិនត្រូល ខេមបូឌា» ដើម្បីទៅពិនិត្យទីតាំងមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ ដែលបានស្នើសុំបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការ ពន្លត់អគ្គិភ័យ។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ នេត វន្ថា។

លោក នេត វន្ថា បានបញ្ជាក់យ៉ាងច្បាស់ថា «តាមពិតរថយន្ដស៊ីរ៉េនខាងលើ គឺនាយកដ្ឋាន បានចាត់ឲ្យមន្ដ្រីនគរបាលអគ្គិភ័យម្នាក់ ជាអ្នកបើកបរ ប៉ុន្ដែដោយសារ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ មន្ដ្រីអ្នកបើកបរមានធុរៈចាំបាច់ត្រូវមកភ្នំពេញ បានទុកសោរថយន្ដឲ្យនាយកក្រុមហ៊ុនជាជនជាតិចិន ដើម្បីងាយស្រួល នៅពេលម្ចាស់សណ្ឋាគារតម្រូវឲ្យប្ដូរចំណត ក្រោយមកជនជាតិចិនមានបំណងរកកន្លែងហូបបាយនៅខាងក្រៅ ក៏បើករថយន្ដចេញមកត្រូវនគរបាលចរាចរ ឃាត់ទុកតែម្ដង»

សូមជម្រាបថា ​នៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃ​ទី​០៨ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ លើផ្លូវ​២ធ្នូ​ ត្រង់ណុច​​កែង​គុជអាស៊ី​ ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ប្រចាំ​នៅ​គោលដៅ​នោះ​ បាន​ឃាត់​រថយន្ត​​០១គ្រឿង​ ម៉ាក​ HILUX VIGO ​ពណ៌​​ខ្មៅ​ ពាក់ផ្លាកលេខ​​នគរបាល​ 2-7070​ បើកបរ​ដោយ​ជនជាតិ​ ចិន​ ឈ្មោះ​ HUANG CHENG អាយុ​​៣២ឆ្នាំ​ មាន​បណ្ណ​បើក​បរ​កម្ពុជា​ ប្រភេទ​ ខ​ ចុះថ្ងៃទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​សុពលភាព​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ និង​មានអ្នក​រួម​ដំណើរ​ម្នាក់ ​ឈ្មោះ​ CHEN LU​ អាយុ​​២៦ឆ្នាំ​ ស្នាក់នៅ​ភ្នំពេញ​៕