(ព្រៃវែង-កណ្ដាល)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី រួមដំណើរដោយលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០៩​ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យមើលធ្វើវឌ្ឍនភាព នៃការធ្វើស្រែបង្ហាញតាមរយៈការធ្វើទំនើបកម្ម និងយន្តូបនីយកម្មកសិកម្ម នៅតំបន់អន្លុងរាជ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងពិនិត្យកសិដ្ឋានដាំម្ទេស នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក វេង សាខុន បានបញ្ជាក់ថា គោលបំណងជាចម្បង នៃបេសកកម្មនេះ គឺធ្វើឡើងដើម្បីពិនិត្យតាម និងជំរុញឲ្យអនុវត្តន៍គោលនយោបាយ នៃការធ្វើកំណែទម្រង់លើវិស័យកសិកម្ម របស់ក្រសួងដែលបានដាក់ចេញ នាពេលថ្មីៗនេះ ក្នុងការប្រែក្លាយវិស័យកសិកម្ម ឆ្លើយតបទៅតាមកំណើនក្នុងល្បឿនថេរ នៃសេដ្ឋកិច្ចកម្ពុជា ដោយត្រូវធ្វើយន្តូបនីយកម្មកសិកម្ម ក្នុងការព្រោះស្រូវ ជាមួយការជ្រើស ពូជសុទ្ធ តម្រូវការទីផ្សារ ការពង្រាបដីស្រែ និងការធ្វើឲ្យប្រសើឡើង នៃការគ្រប់គ្រង និងចាត់ចែងទឹក (ចំណាយថវិកាតិច ក្នុងការប្រើប្រាស់ និងមានប្រសិទ្ធភាពខ្ពស់)។

ដំណើរបេសកកម្មនេះ ត្រូវបានពិនិត្យមើលទ្ធផល និងសកម្មភាព ដូចខាងក្រោម៖

១៖ ការបង្ហាញគ្រឿងយន្តកសិកម្ម ព្រោះស្រូវស្ងួត ដោយប្រើគ្រឿងយន្តកែឆ្នៃ ព្រោះស្រូវឈ្មោះ អេលី និង HCC។

២៖ ការបង្ហាញរបៀបប្រើប្រាស់យន្តកម្ម តាមរយៈនៃការកសាងភាពជាដៃគូ ជាមួយគម្រោងកាវ៉ាក់ ក្នុងការគាំទ្រដល់អ្នកផ្តល់សេវាកម្ម ក្នុងមូលដ្ឋាន សម្រាប់ធ្វើការ ពង្រាបដីស្រែដោយប្រើប្រាស់គ្រឿងយន្តកសិកម្ម គួបផ្សំការត្រួតពិនិត្យការបញ្ជា ដោយប្រព័ន្ធឡាស៊ែ របស់ក្រុមហ៊ុន គង់ ងួន។

៣៖ ការពិនិត្យមើលកិច្ចដំណើរការប្រព័ន្ធស្រោចស្រពដើរដោយស្ថានីយ៍បូមម៉ូទ័រ និងការរៀបចំប្រឡាយបេតុង ហើយនិងប្រសិទ្ធនៃការគ្រប់គ្រង និងប្រើប្រាស់ទឹក។

៤៖ ការពិភាក្សាការងារពីឱកាស និងបញ្ហាប្រឈមក្នុងការកសាងភាព ជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកចន អ្នកចែកចាយគ្រឿងយន្តកសិកម្ម និងអ្នកផ្តល់សេវាគ្រឿនយន្ត កសិកម្មនៅមូលដ្ឋាន ដែលមកពីខេត្តព្រៃវែង ពោធិសាត់ និងតាកែវ ដែលស្ថិតនៅក្នុងគម្រោងកាវ៉ាក់ លើប្រសិទ្ធភាព និងចំណុចខ្វះខាតមួយចំនួន ដែលត្រូវកែលម្អនាពេលខាងមុខ។

៥៖ ការជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ពូជ EAST WEST មធ្យោបាយកែឆ្នៃម្ទេស និងចុះពិនិត្យចំការម្ទេស ស្ថិតនៅក្នុងឃុំព្រែដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

សូមបញ្ជាក់ថា គម្រោងខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ដំណាក់កាលទី២ ហៅកាត់ថា កាវ៉ាក់ គឺជាកម្មវិធីកសិកម្ម ដែលទទួលមូលនិធិពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នូវទឹកប្រាក់ចំនួន ៨៩លាន ដុល្លារអូស្រ្តាលី សម្រាប់អនុវត្តគម្រោងចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ គោលបំណង នៃគម្រោងនេះ គឺដើម្បីបង្កើនផលិតភាព និងបង្កើនចំណូលរបស់កសិករខ្នាតតូច តាមរយៈការធ្វើពាណិជ្ចកម្ម ស្រូវ/អង្ករ និងដំណាំផ្សេងទៀត ជាមួយនឹងការពង្រឹង ប្រព័ន្ធទីផ្សារ និងការវិនិយោគលើការកសាង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត៕