(ភ្នំពេញ)៖ លោក​ សន សុវណ្ណារ៉ា ដែលត្រូវគេស្គាល់ថាចាប់ផ្ដើមជោគជ័យក្នុងអាជីពពិធីករនោះ ក៏បានបង្អួតអោយឃើញពីជោគជ័យលើមុខជំនួញធំដុំមួយផ្សេងទៀត ពាក់ព័ន្ធនឹងពិធីការ និងការរៀបចំប្រគំតន្ត្រី។​ លោកថាត្រូវគេឃើញប្រើប្រាស់ក្រុមហ៊ុនRA Group របស់ខ្លួន ចាត់ចែងផ្នែកដេគ័រ ឆាកភ្លើងភ្លេង និងពិធីការទាំងស្រុងក្នុងពិធីមង្គលការរបស់ប្អូនប្រុស ដែលការបង្ហាញនោះ នៅពេលដឹងថាជាការចាត់ចែងរបស់ក្រុមហ៊ុនរបស់លោក គឺអ្នកណាៗក៏ភ្ញាក់ខ្លួន ដោយសារតែពេលកន្លងមក តារារូបនេះ កម្រលាតត្រដាង​ ពាក់ព័ន្ធអាជីពខាងក្រៅសិល្បៈអោយគេបានដឹង។

លោកសន សុវណ្ណារ៉ា បានអះអាងថា ក្រោយវិលត្រលប់ពីរស់នៅសហរដ្ឋអាមេរិកវិញ លោកបានបើកដំណើរការក្រុមហ៊ុនទទួលរៀបចំព្រឹត្តិការណ៍តូចធំឈ្មោះ RA Group ភ្លាមៗ ដោយការដំណើរការប្រមាណ១ឆ្នាំរបស់ក្រុមហ៊ុននេះ បានធ្វើអោយលោកទទួលបានកម្មវិធីជាច្រើនក្នុងដៃ ជាពិសេសកម្មវិធីរបស់ក្រុមហ៊ុនបរទេស និងកម្មវិធីរបស់ក្រសួងធំៗជាដើម។ លោកថាក្រុមហ៊ុនរបស់ខ្លួនរ៉ាប់រងទាំងស្រុងលើផ្នែកពិធីការ ផ្នែកតារាចម្រៀង ផ្នែកឆាកភ្លើងភ្លេង ផ្នែកសំឡេង ផ្នែកដេគ័រ និងផ្នែកពាក់ព័ន្ធនឹងពិធីទាំងមូល ដើម្បីធ្វើអោយកម្មវិធីដែលលោកទទួលបានមានភាពអធឹកអធម។

លោកថាក្រុមហ៊ុនរបស់ខ្លួន មានក្រុមការងារ និងមានតារាសិល្បៈមិនអន់ជាងក្រុមធំៗ ដែលបើកដំណើរការយូរឆ្នាំនោះទេ ទើបត្រឹមតែរយៈពេលមួយឆ្នាំក្រោយបើកដំណើរការមានការងារស្ទើររាល់ថ្ងៃ ខណៈដែលការងារខ្លះលោក ក៏ទទួលបានកញ្ចប់រៀបចំរហូតដល់រាប់សែនដុល្លារ។

លោក សន សុវណ្ណារ៉ា បញ្ជាក់ថា នៅក្នុងថ្ងៃមង្គលការរបស់ប្អូនលោក លោកមិនត្រឹមតែអញ្ជើញវត្តមានតារាល្បីៗ ដែលធ្លាប់ទទួលការងារពីលោកមកចូលរួម ហើយតារាទាំងនោះមិនសូវបាត់មុខប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាត់ចែងលើផ្នែកដេគ័រ ផ្នែកពិធីការ និងរៀបចំឆាកតន្ត្រីជាដើម ដែលការរៀបចំនោះបើជាការជួលមកក្រុមការងាររបស់លោក គឺមិនក្រោម៣ម៉ឺន៥ពាន់ដុល្លារនោះឡើយ។ ជាមួយនឹងការបង្ហាញសាច់ដុំ អោយឃើញនៅក្នុងពិធីនោះ ទើបម្នាក់ៗស្រឡាំងកាំង​ នៅពេលដែលលោកត្រូវគេកត់សម្គាល់ថា ច្រើនតែបង្ហាញអោយឃើញនូវភាពសមញ្ញ ក្នុងពេលបង្ហាញខ្លួន ប៉ុន្តែការពិតគឺជាម្ចាស់ក្រុមហ៊ុន រៀបចំព្រឹត្តិការណ៍ធំមួយ ៕