(បាត់ដំបង)៖ តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានជំរុញដល់ថ្នាក់ដឹកនាំពង្រឹងមូលដ្ឋានតាមឃុំនីមួយៗ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ និងបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាងមុន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅគ្រប់ទិសទី ក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ។

លោក ឡោក ហ៊ួរ ថ្លែងបែបនេះ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារបក្សស្រុកប្រចាំខែមីនា និងខែមេសា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត នៅទីស្នាក់ការបក្ស CPP ស្រុកសង្កែ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ពង្រឹងមូលដ្ឋានតាមបណ្តាឃុំនានា ប្រធានបក្សស្រុក ក្រុមប្រឹក្សាស្រុក ប្រធានបក្សឃុំ សាខាបក្សភូមិ សមាជិក-សមាជិកាបក្សប្រមាណ ២០០នាក់។

តំណាងរាស្រ្ត ឡោក ហ៊ួរ បានថ្លែងថា ថ្នាក់ដឹកនាំបក្ស CPP គ្រប់ជាន់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ CPP ជាច្រើនរូបទៀត តែងបានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបន្តដោះស្រាយកង្វល់ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលនៅសេសសល់ គឺថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ត្រូវដោះស្រាយបញ្ហាសតិអារម្មណ៍ ការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន។ ត្រូវដោះស្រាយបញ្ហាទំនាស់ដីធ្លីក្នុងមូលដ្ឋាន ហើយនាំគ្នាខិតខំបម្រើសេវាសាធារណៈផ្សេងៗ តាមរយៈការិយាល័យច្រកចេញចូលតែមួយប្រចាំតាមបណ្ដាស្រុក ឃុំ និងភូមិជូនពួកគាត់ឲ្យបានល្អ ឲ្យបានលឿនរហ័សទាន់ចិត្ត ត្រឹមត្រូវ និងមានតម្លាភាព។

អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា «យើងទាំងអស់គ្នា ក៏ត្រូវសហការគ្នាចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពផងដែរ មិនឲ្យមានបទល្មើសផ្សេងៗ ដូចជា ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន បទល្មើសនេសាទ និងបទល្មើសផ្សេងៗទៀត មិនឲ្យមានដាច់ខាតក្នុងមូលដ្ឋានឃុំ ប្រកបដោយសុខសុវត្តិភាព»

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ អ្នកតំណាងរាស្រ្តក៏បានបានអំពាវនាវឲ្យប្រជាពលរដ្ឋមានសាមគ្គីភាពគ្នា ចេះស្រឡាញ់គ្នា និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ពិសេសបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះជូនបក្ស CPP បានដឹកនាំប្រទេសជាតិបន្តទៀត។

លោក ក៏បានប្រាប់សមាជិកបក្សទាំងអស់ថា បើចង់បានសំឡេងគាំទ្រពីប្រជាពលរដ្ឋនោះ គឺយើងជាអ្នកដឹកនាំក្នុងមូលដ្ឋានទាំងអស់គ្នា ត្រូវខិតខំបម្រើពួកគាត់ឲ្យបានល្អ ធ្វើឲ្យគាត់ស្រឡាញ់រាប់អានមានភាពកក់ក្តៅ គឺពិតជាមានការគាំទ្រពីពួកគាត់បាន ហើយយើងក៏បានទទួលជ័យជម្នះពិតប្រាកដ ក្នុងការបោះឆ្នោតនោះផងដែរ៕