(ភ្នំពេញ)៖ ការសម្តែងពិសេសថ្មី លំដាប់ពិភពលោក នៅសាលមហោស្រព NABA នៅណាហ្គាទី២ ដែលបើកឲ្យសាធារណជនចូលទស្សនាដោយសេរី បានចាប់ផ្តើមហើយ ស្របពេល ណាហ្គាវើលដ៍ប្រារព្ធខួបលើកទី២៣។

ការសម្តែងនេះ អនុញ្ញាតឲ្យសាធារណជនទូទៅ ចូលទស្សនាឥតគិតថ្លៃ រៀងរាល់រាត្រី ថ្ងៃពុធ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង០៧៖៣០យប់ ពេញមួយខែឧសភា។

ពិធីបើកសម្ពោធការសម្តែងនេះ មានការអញ្ជើញចូលរួមពីតារាល្បីៗ ជាច្រើនរូប ដូចជាតារាហ្វេសប៊ុក លោកវិសាល និង សយ សេងហ៊ួរ កញ្ញាឯកកម្ពុជា និងបេក្ខភាពកញ្ញាឯកកម្ពុជា វគ្គផ្តាច់ព្រ័ត្រកាលពីពីរឆ្នាំមុន កីឡាករឆ្នើមមកពីក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ព្រមទាំងតារាចម្រៀង និងតារាបង្ហាញម៉ូដជាច្រើនរូបទៀត។ តារាចម្រៀងល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យ លោក សុគន្ធ ថេរ៉ាយុ ក៏បានបង្ហាញខ្លួនក្នុងពិធីសម្ពោធនោះផងដែរ ដែលគាត់បានសម្តែងចម្រៀងពេញនិយមរបស់គាត់មួយបទ សម្រាប់ភ្ញៀវកិត្តិយសស្តាប់កម្សាន្ត។

ការសម្តែងពិសេសថ្មី ដែលចូលរួមសម្តែង ដោយអ្នកសម្តែងអន្តរជាតិពេញមួយខែឧសភានេះ រួមមាន៖ ការសម្តែងចម្រៀង រាំ និងសៀក រួមនឹងការចាក់បញ្ចាំងរូបភាព ខាងក្រោយឆាក ដ៏រស់រវើក ដែលធ្វើឲ្យបរិយាកាសនៃការសម្តែងអស្ចារ្យគ្មានពីរ នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។

ជាមួយគ្នានោះ ក៏មានអ្នកលេងសៀកកាយសម្ព័ន្ធពីរនាក់បងប្អូន មកពីប្រទេសអេត្យូពីអាយុ ១៥ ឆ្នាំ និង ២៧ឆ្នាំ នឹងផ្តល់ជូននូវការសម្តែងបង្វិលខ្លួន លើអាកាសដ៏អស្ចារ្យរបស់ខ្លួនដំបូង ក្នុងសាលមហោស្រព NABA នៅថ្ងៃសៅរ៍។ បងប្អូនប្រុសទាំងពីរនាក់នេះ បានធ្វើឲ្យគណកម្មការក្នុងកម្មវិធី Spain’s Got Talent ចុចប៊ូតុងមាស កាលពួកគេប្រកួតក្នុងខែមីនា ក្នុងឆ្នាំនេះ ដែលធ្វើឲ្យពួកគេឆ្លង ទៅវគ្គផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។

វីដេអូឃ្លីបយូធូប (YouTube) របស់ពួកគេទាំងពីរ មានអ្នកចូលទស្សនាជាង ១.៥លានដង ហើយវីដេអូសម្តែងក្នុងហ្វេសប៊ុក មានអ្នកចូលទស្សនាជាង ២២ លានដង។ មិនតែប៉ុណ្ណោះ ក្រុមសៀកមកពីប្រទេសអ៊ុយក្រែន (ក្រុម Wonder Changers) នឹងផ្តល់នូវការសម្តែងសៀកផ្លាស់ប្តូរសម្លៀកបំពាក់រហ័ស ដូចផ្លេកបន្ទោរនៅសាលមហោស្រព NABA ផងដែរ ។

ក្រុមនេះ នឹងចូលរួមផ្តល់ការសម្តែងជាមួយសិល្បករ-សិល្បការិនី ប្រចាំណាហ្គាវើលដ៍ដទៃទៀតដែរ ដែលផ្តល់ជូនឲ្យពុកម៉ែទស្សនាដោយសេរីរៀងរាល់ថ្ងៃ ​នៅតាមឆាកសម្តែងទាំងអស់ នៅក្នុងអាគារណាហ្គាវើលដ៍។ បន្ថែមទៅលើការសម្តែងផ្ទាល់ដ៏អស្ចារ្យនេះ ណាហ្គាវើលដ៍ មានផ្តល់ជូនការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ ក្នុងឱកាសប្រារព្ធខួបលើកទី២៣ របស់ខ្លួនពេញ មួយខែឧសភា៕

តារាល្បីៗ (ពីឆ្វេងទៅស្តាំ) ទ្រី ដារ៉ាវុធ សួង ស៊ីធឿន ផាន់ ផាត់ណា ជា លាងឆែ ធ្វើដំណើរលើកម្រាលព្រំក្រហម ទៅកាន់ពិធីបើកសម្ពោធការសម្តែងពិសេសថ្មី នៅសាលមហោស្រព NABA

បទសម្ភាសន៍ជាមួយ លោក សុគន្ធ ថេរ៉ាយុ នៅសាលមហោស្រព NABA នៅណាហ្គាទី ២

អ្នកសម្តែងអន្តរជាតិដ៏ប៉ិនប្រសប់ប្រចាំណាហ្គាវើលដ៍ រួមគ្នាបង្ហាញការសម្តែងពិសេសថ្មីនៅសាលមហោស្រព NABA

កំពូលអ្នកសម្តែងមកពីប្រទេសអេត្យូពី នៃទ្វីបអាហ្វ្រិក ធ្វើឲ្យទស្សនិកជនកោតសរសើរ ជាមួយការសម្តែងសៀកបង្វិលខ្លួន លើអាកាសដ៏អស្ចារ្យ នៅសាលមហោស្រព NABA