(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសជាសាធារណៈតាមរយៈ Facebook ថា សម្តេចនឹងពិនិត្យឲ្យបានហ្មត់ចត់ឡើងវិញ ពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្តិដល់មន្ត្រីរាជការតាមក្រសួង ស្ថាប័ន មន្ទីរនានា។

សង្កត់ធ្ងន់លើសពីនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា នឹងបញ្ជាទៅដល់រដ្ឋមន្ត្រីក្រសួង និងប្រធានស្ថាប័នទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យលើការដំឡើងឋានន្តរស័ក្តិដល់មន្ត្រីរបស់ខ្លួននេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងពិនិត្យឡើងវិញនូវការដំឡើងឋានន្តរស័ក្កិ និងថ្នាក់នៅក្នុងក្រសួង មន្ទីរ ស្ថាប័នទាំងអស់កន្លងមកថា តើបានដំឡើងឲ្យមន្ត្រី និងកងកម្លាំងក្នុងក្រសួងរបស់ខ្លួនបានត្រឹមត្រូវទៅតាមការកំណត់ក្នុងច្បាប់ហើយឬនៅ?»

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាយ៉ាងដាច់ណាត់ទៅដល់គ្រប់រដ្ឋមន្ត្រីដែលគ្រប់គ្រងក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហាដំឡើងឋានន្តរស័ក្តិនេះឲ្យបានខ្ពស់បំផុត ពោលគឺត្រូវដំឡើងឋានន្តរស័ក្តិឲ្យបានត្រឹមត្រូវទៅតាមច្បាប់ កុំធ្វើតាមតែបទបញ្ជា ហើយកុំគិតតែដំឡើងឋានន្តរស័ក្កិ និងតួនាទីរបស់ខ្លួន ឬបក្សពួកខ្លួនមិនបានគិតគូរដល់មន្ត្រីនៅក្រោមឱវាទ។

ពាក់ព័ន្ធនឹងនិតិវិធីក្នុងការដំឡើងឋានន្តរស័គ្តិនេះ សម្ដេចតេជោបានបញ្ជាក់ថា «តាមច្បាប់នៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល គឺក្រោយរយៈពេល២ឆ្នាំ ត្រូវស្នើសុំដំឡើងឋាន្តរស័ក្កិចំនួន ១ដង ដូច្នេះតើគ្រប់ក្រសួងស្ថាប័នទាំងអស់ បានធ្វើត្រឹមត្រូវតាមការកំណត់ក្នុងច្បាប់ហើយឬនៅ?»