(កោះកុង)៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ចាន់ វណ្ណី រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ចោទពីបទរំលោភសេពសន្ថវៈលើជនរងគ្រោះជាអនីតិជន បានសម្រេចចំនួន៣លើក។

មន្ត្រីដដែលបានបន្តថា ការឃាត់ខ្លួននេះធ្វើនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។ កុមារីរងគ្រោះឈ្មោះ ហ អ អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ និងជនរងគ្រោះមានផ្ទះនៅជិតគ្នា ហើយជនសង្ស័យបានចាប់ក្មេងរំលោភសេពសន្ថវៈនៅលើផ្ទះពេល ក្នុងផ្ទះមានសភាពស្ងាត់គ្មានមនុស្សចាស់នៅ ព្រោះពេលព្រឹកឡើងឪពុកទៅចាំចម្ការឲ្យគេ រីឯម្តាយទៅធ្វើការជាកម្មកររោងចក្រ ទុកឲ្យកូននៅផ្ទះតែ២នាក់បងប្អូន គឺជនរងគ្រោះ និងប្អូនស្រីតូចមួយ ស្រាប់តែថ្ងៃមួយ ជនសង្ស័យបានធ្វើសកម្មភាពនៅពេលថ្ងៃ ខណៈពេលមនុស្សចាស់ចេញទៅប្រកបមុខរបរអស់។

ដំបូង ជនសង្ស័យដើរទៅផ្ទះជនរងគ្រោះដោយយកទូរស័ព្ទទៅសាកថ្ម ហើយនៅពេលឃើញឱកាសល្អ ជនសង្ស័យកឲ្យលុយក្មេងស្រី ដែលជាប្អូននោះទៅទិញបារីឲ្យ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេចតែម្តង ក្រោយពីបានសម្រេចហើយ ជនសង្ស័យបានឲ្យលុយ និងគំរាមជនរងគ្រោះមិនឲ្យនិយាយប្រាប់ឪពុកម្តាយ។

ដោយមានការសង្ស័យពីឪពុកម្តាយរាល់ថ្ងៃ ចំពោះអាការៈចម្លែករបស់កូនស្រីដែលជាជនរងគ្រោះ ដូចមានផ្ទៃពោះផងនោះ ឪពុកម្តាយជនរងគ្រោះក៏សួរនាំទៅទើបដឹងរឿងរ៉ាវដ៏ខ្លោចផ្សានេះ លោកទាំងពីរក៏បានទៅដាក់ពាក្យបណ្តឹងរាយការណ៍ដល់សមត្ថកិច្ច កម្លាំងសមត្ថកិច្ចក៏ចេញប្រតិបត្តិការភ្លាមៗផងដែរ។

មន្ត្រីខាងលើបានបន្តៀតថា ករណីខាងលើនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕