(ភ្នំពេញ)៖ វេទិកាអូឡាំពិកតំបន់ "OS/OCA Regional Forum-2018" ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ ត្រូវបានប្រកាសបើកដំណើរជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងមានការចូលរួមពីលោក Olivier Niamkey នាយកអង្គការសាមគ្គីអូឡាំពិកប្រចាំតំបន់, លោក Haider Farman" នាយកកីឡានៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិកគណៈកម្មាធិការជាតិអូឡាំពិកក្នុងតំបន់ចំនួន ២៥ប្រទេសផ្សេងទៀតផងដែរ។

ជាមួយនឹងការរៀបចំវេទិកាអូឡាំពិកតំបន់នេះ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានចាត់ទុកជាធាតុចូលយ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលកំពុងសម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំរគុណ ចំពោះការគាំទ្ររបស់អង្គការកីឡា និងភាគីពាក់ព័ន្ធ តែលោកក៏បានអំពាវនាវដល់គ្រប់គណៈកម្មាធិការជាតិអូឡាំពិក និងអង្គការកីឡាធំៗ ចែករំលែកនូវបទពិសោធន៍ក្នុងការដឹកនាំ គ្រប់គ្រងព្រឹត្តិការណ៍កីឡាធំៗ និងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងបច្ចេកទេស ធនធានហិរញ្ញវត្ថុ ដល់ NOCC ដើម្បីឲ្យកម្ពុជាមានលទ្ធភាពរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ កាន់តែជោគជ័យ ។

លោកនាយឧត្តមសេនីយ៍ មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា វេទិកាអូឡាំពិកតំបន់ពេលនេះ នឹងដំណើរការប្រកបដោយផ្លែផ្កា និងផ្ដល់នូវធាតុចូលយ៉ាងសំខាន់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាកិត្តិយសរបស់យើងទាំងអស់គ្នា» ។ លើកពីនេះ លោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីនៃសហព័ន្ធកីឡាជាតិ និងស្ថាប័នជាតិ ដែលបានជំរុញការអភិវឌ្ឍន៍វិស័យកីឡាឲ្យមានការរីកចម្រើន ជាពិសេសគឺការចាត់ទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជៅ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលតែងផ្ដល់កិត្តិយស និងលះបង់ពេលវេលាដ៏មានតម្លៃ រួមទាំងការលើកទឹកចិត្តជាប្រាក់រង្វាន់ ធ្វើឲ្យវិស័យកីឡា និងចលនាអូឡាំពិកកម្ពុជា កាន់តែរីកចម្រើន និងផុសផុលបន្ថែមទៀត ។

បន្ថែមលើនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា ក្រៅពីទទួលរៀបចំវេទិកាអូឡាំពិកតំបន់នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិក៏កំពុងមមាញឹករៀបចំការប្រកួតកីឡាជាតិលើកទី២ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភានេះរហូតដល់ថ្ងៃទី០៤ ខែមិថុនាខាងមុខ ។ គោលបំណងនៃការរៀបចំការប្រកួតកីឡាជាតិ ២ឆ្នាំម្តងនេះ គឺដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងដកស្រង់បទពិសោធន៍នៃការគ្រប់គ្រងរៀបចំព្រឹត្តិការណ៍កីឡាធំៗឆ្ពោះទៅត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

លោកបន្ដថា «វេទិកាអូឡាំពិកតំបន់ឆ្នាំ២០១៨ នាពេលនេះ ពិតជានាំមកនូវកាលានុវឌ្ឍភាពថ្មីសម្រាប់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាសម្រាប់កីឡាកម្ពុជាដែលបានទទួលសិទ្ធិ និងទំនុកចិត្តពីអង្គការសាមគ្គីអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីឱ្យរៀបចំទទួលស្វាគមន៍គ្រួសារអូឡាំពិកតំបន់អាស៊ីនៅរាជធានីភ្នំពេញបេះដូងនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ តាមរយៈវេទិកានេះ នឹងពង្រឹងបានបន្ថែមទៀតនូវការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមចលនាអូឡាំពិកក្នុងតំបន់ និងក្រុមការងារអូឡាំពិកអន្តរជាតិ»។

សូមបញ្ជាក់ថា វេទិកាអូឡាំពិកតំបន់នេះ គឺមានរយៈពេល ២ថ្ងៃនេះ នៅថ្ងៃទី០៦-០៧ ខែឧសភា នៅសណ្ឋាគាសុខា ហើយប្រធានបទសំខាន់ៗ ដែលត្រូវលើកយកមកបង្ហាញនាឱកាសនោះ គឺមានក្រុមគណៈកម្មការជំនាញ នៃព្រឹត្តិការណ៍ធំៗចំនួន ៣ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ រួមមានការត្រៀមការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី, ការប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅអាហ្សង់ទីន និងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យ ឆ្នាំ២០២០ នៅជប៉ុន ដែលសុទ្ធតែជាបទពិសោធន៍ដ៏សំខាន់ ដែលកម្ពុជាត្រូវចាប់យកសម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។

អ្វីដែលសំខាន់វេទិកានេះ ត្រូវបានរៀបចំលើទឹកដីកម្ពុជា ដោយសារអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិ ក៏ដូចជាក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកតំបន់ មើលឃើញពីសុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍នៅកម្ពុជា ពិសេសគឺវឌ្ឍនភាព និងភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា ។ ម្យ៉ាងវិញទៀត បើសិនមានការស្នើរសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះវេទិកានេះម្ដងទៀត ពិសេសមុនឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងធ្វើការស្នើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលស្វាគមន៍ការរៀបចំវេទិកាអូឡាំពិកតំបន់ជាថ្មី ដើម្បីទទួលបានបទពិសោធន៍កាន់តែច្រើនពីបណ្ដាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកអន្ដរជាតិ ៕