(ភ្នំពេញ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាមុននេះបន្តិច​ នាព្រឹកថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០១៨នេះថា រហូតមកដល់ពេលនេះ ជនរងគ្រោះដែលស្លាប់ដោយសារពុលទឹកនៅខេត្តក្រចេះ បានកើនដល់៨នាក់ហើយ ខណ:ជនរងគ្រោះចំនួនជិត១០០នាក់ទៀត​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បើតាមលោក វ៉ា ថន គេមិនទាន់អាចកំណត់នូវមូលហេតុនាំឲ្យមានការពុលនេះនៅឡើយទេ តែមានការសង្ស័យថា ពលរដ្ឋរងគ្រោះបានផឹកទឹកមានជាតិពុល។

លោកអភិបាលខេត្តពន្យល់ថា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ គឺភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង។ ជាមួយនឹងការចុះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យនោះ លោកអភិបាលខេត្តក្រចេះ ក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងម្នាក់ៗ ២៥ម៉ឺនរៀលផងដែរ៕