(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ មានករណីបើកគ្រឿចក្រឈូសដីប៉ះចំគ្រាប់បែកមួយ ផ្ទុះយ៉ាងកក្រើកប៉ើកគ្រឿងចក្រទើលើរបងវត្តសុភាឃួន ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ករណីផ្ទុះគ្រាប់បែកនេះ បណ្ដាលឲ្យអ្នកបើកគ្រឿងចក្រឈូសដីម្នាក់ របួសធ្ងន់បាក់ជើង និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរព្រះកុសមៈភ្លាមៗផងដែរ។ 

យុវជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ហេង ហ៊ី អាយុ២១ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថៅកែរថយន្តដឹកដី និងគ្រឿងចក្រខាងលើបានទទួលម៉ៅការដឹកដីចាក់បំពេញទីតាំងដីឡូត៌កើតហេតុនោះ។ បន្ទាប់ពីរថយន្តដឹកដីចាក់រួច គ្រឿងចក្របានធ្វើការឈូសឆាយពង្រាបដី ហើយចៃដន្យបានកិនចំគ្រាប់បណ្ដាលឲ្យផ្ទុះលាន់កក្រើក ហើយគ្រឿងចក្របានប៉ើងខ្ទាតទើរលើរបងវត្ត ចំណែកយុវជនដែលជាអ្នកបើកបររងរបួសធ្ងន់បែបនេះតែម្ដង។

ទោះជាយ៉ាងណា គ្រាប់ដែលបានផ្ទុះនោះ មិនទាន់ដឹងថាជាមីនតោន ឬជាប្រភេទគ្រាប់អ្វីពិតប្រាកដនៅឡើយ ហើយខាងមន្ត្រីកម្ចាត់មីនស៊ីម៉ាក់ កំពុងចុះទៅកាន់ទីនោះ ដើម្បីពិនិត្យមើល៕