(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ នាថ្ងៃទី០៥ ខែឧសភានេះ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking Contest Program) សម្រាប់សិស្សថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ វគ្គផ្តាច់ព្រ័ត្រលើកទី៤ កម្រិតប៊ែលធី នៅសាលាប៊ែលធីអន្តរជាតិ សាខាស្ទឹងមានជ័យ ដែលមានបេក្ខជនប្រកួតចំនួន ២៤នាក់ មកពី១៨សាខា និងមានអ្នកចូលរួម ២,០៨១នាក់ទៀតផងដែរ។

ការប្រកួតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ រួមនឹងលោកស្រី។ តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា សាលាប៊ែលធីអន្តរជាតិ បានបង្កើតកម្មវិធីសិក្សាបន្ថែមធំៗចំនួន៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ កម្មវិធីពង្រឹងស្មារតី កម្មវិធីទស្សនកិច្ចសិក្សា កម្មវិធិសិក្សាតាមទូរទស្សន៍ កម្មវិធីប្រឡងសំណេរ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងកម្មវិធីកីឡា។

កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលាបានរៀបចំធ្វើ១ឆ្នាំម្តង។ ការប្រកួតប្រជែងនិយាយជាសាធារណៈនេះ ធ្វើឡើងជា២ដំណាក់កាល៖

១. កម្រិតសាខា៖ ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពីថ្នាក់ទី៣ដល់ទី១២ (ដែលមានអ្នកចូលរួមប្រកួតប្រជែងសរុប ៦,៦២៣នាក់) រួចបញ្ជូនបេក្ខជនជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

២. កម្រិតប៊ែលធី៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវធ្វើនៅប៊ែលធីទី៥ ទី៩ និងទី១២ រួចបន្តទៅវគ្គផ្តាច់ព្រ័ត្រធ្វើនៅសាលាប៊ែលធីអន្តរជាតិទី៩ សាខាស្ទឹងមានជ័យ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២។

រង្វាន់ដែលត្រូវទទួលបាន រួមមាន៖

* លេខ១៖ មេដាយមាស១ លិខិតសរសើរ ប្រាក់ ៣០០ដុល្លារ និងអាហារូបករណ៍សិក្សាថ្នាក់ចំណេះទូទៅ ១០០% ចំនួន៣ឆមាស។ ដោយឡែកថ្នាក់ទី១២ ទទួលបាន ១០០% សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល៣ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបានលិខិតសរសើរ និងទឹកប្រាក់ ១៥០ដុល្លារ

* លេខ២៖ មេដាយប្រាក់១ លិខិតសរសើរ ប្រាក់ ២០០ដុល្លារ និងអាហារូបករណ៍សិក្សាថ្នាក់ចំណេះទូទៅ ១០០% ចំនួន២ឆមាស។ ដោយឡែកថ្នាក់ទី១២ ទទួលបាន ១០០% សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល២ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបានលិខិតសរសើរ និងទឹកប្រាក់ ១០០ដុល្លារ។

* លេខ៣៖ មេដាយសំរឹទ្ធ១ លិខិតសរសើរ ប្រាក់ ១០០ដុល្លារ និងអាហារូបករណ៍សិក្សាថ្នាក់ចំណេះទូទៅ ១០០% ចំនួន១ឆមាស។ ដោយឡែកថ្នាក់ទី១២ ទទួលបាន ១០០% សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបានលិខិតសរសើរ និងទឹកប្រាក់ ៥០ដុល្លារ ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ត្រូវបានទៅទស្សនានៅប្រាសាទអង្គរវត្ត ៣ថ្ងៃ២យប់ផងដែរ។

លោកអគ្គនាយក លី ឆេង កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំផ្នែកចំណេះទូទៅ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» និងដើម្បីឲ្យសិស្សទាំងអស់មានភាពក្លាហាន បង្កើនទម្លាប់និយាយ បង្កើនទំនុកចិត្ត បង្កើនការស្រាវជ្រាវ ហ៊ាននិយាយជាសាធារណៈក្នុងចំណោមមហាជន ហ៊ានបញ្ចេញមតិយោបល់ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។

លោកក៏បានផ្តាំផ្ញើដល់សិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានា នៅក្នុងប្រទេស និងក្រៅប្រទេស មានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

លោក លី ឆេង និងលោកស្រី ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សជ័យលាភី ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ចំនួន១២នាក់ផងដែរ៕