(ហ្វីលីពីន)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ច ប្រជុំប្រចាំឆ្នាំថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ ក្រោមសហប្រធានរដ្ឋមន្ត្រីនិងទេសាភិបាលធនាគារកណ្តាលកូរ៉េ និងសិង្ហបុរី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះ ជាវេទិកាតំបន់ដ៏សំខាន់ដែល មានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រវាងប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន និងកូរ៉េ សំដៅពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ អភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណជារូបិយវត្ថុរបស់ប្រទេសក្នុងតំបន់ និងកិច្ចសហការដទៃទៀត ដូចជា ការបង្កើតកម្មវិធីធានារ៉ាប់រងលើហានិភ័យគ្រោះធម្មជាតិក្នុងតំបន់ជាដើម។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ សេដ្ឋកិច្ចតំបន់អាស៊ាន+៣ ត្រូវបានរំពឹងនឹងបន្តកើនឡើងក្នុងអត្រា ៥.៤% ហើយនឹងស្ថិតក្នុងអត្រា ៥.២% នៅឆ្នាំ២០១៩ នេះបើតាមការប៉ាន់ស្មាន របស់ការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ -AMRO។ ជាមួយនឹងកម្រិតអតិផរណាទាបជា
មធ្យមប្រមាណ២%។ ក្រៅពីនោះក៏មាននូវហានិភ័យចម្បងៗមួយចំនួន ចំពោះតំបន់រួមមាន ការគាំពារនិយមផ្នែកពាណិជ្ជកម្មដូចជាពីសហរដ្ឋអាមេរិក ភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ស្ថានភាពតឹងរឹងនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងកត្តាភូមិសាស្ត្រនយោបាយ។

ស្ថិតក្នុងស្ថានភាពនេះ អង្គប្រជុំបានបង្ហាញជំហររួមក្នុងការបន្តអនុវត្តគោលនយោបាយ គាំទ្រពាណិជ្ជកម្មអន្តរជាតិ ទន្ទឹមនឹងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ដែលបានកើនឡើងជាលំដាប់ ឱ្យកាន់តែសកម្មថែមទៀត និងការបង្កើនការតភ្ជាប់ទំនាក់ទំនងរវាងប្រទេស
ជាសមាជិក។ ម៉្យាងទៀត ថ្នាក់រដ្ឋមន្ត្រី និងទេសាភិបាលអាស៊ាន+៣ បានប្តេជ្ញាពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់ ជាពិសេសលើការពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់។

ក្នុងរយៈពេល១ ឆ្នាំកន្លងមកនេះ វឌ្ឍនភាពចម្បងៗនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ រួមមាន៖

១៖ ការិយាល័យ AMRO បានបន្តពង្រឹងសមត្ថភាពតាមដាន និងវិភាគសេដ្ឋកិច្ចប្រទេសមាជិក ក៏ដូចជាតំបន់ ហើយបានផ្តល់ជាអនុសាសន៍ក្នុងការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ជូនប្រទេសជាសមាជិក។

២៖ ពង្រឹងយន្តការត្រៀមជួយគ្នាសម្រាប់បង្ការ និងគ្រប់គ្រងវិបត្តិ ក្រោមពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM)។

៣៖ កំពុងធ្វើបច្ចុប្បន្នកម្មកិច្ចព្រមព្រៀង និងគោលការណ៍អនុវត្តរបស់ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ ស្របតាមស្ថានភាពរីកចម្រើននៃតំបន់ ការប្រែប្រួលនៃនិម្មាបកម្មហិរញ្ញវត្ថុអន្តរជាតិ និងភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក។

៤៖ ពង្រឹងការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណជារូបិយវត្ថុរបស់សមាជិក ដើម្បីផ្តល់ប្រភពទុនដល់សកម្មភាពសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន+៣ រួមមាន៖

១៖ បញ្ចប់ការបើកគណនីជាប្រាក់រៀល ជូនប្រទេសសមាជិកទាំងអស់ និងបានបើកគណនី ជារូបិយប័ណ្ណនៅប្រទេសសមាជិកសម្រាប់សម្រួល
ដល់ដំណើរការផ្តល់ប្រាក់កម្ចីឲ្យគ្នា ក្នុងករណីមានប្រទេសសមាជិកត្រូវការ សន្ទនីយភាពសម្រាប់យកទៅបង្ការនិងគ្រប់គ្រងវិបត្តិ។

២៖ ចូលរួមក្នុងការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង និងគោលការណ៍អនុវត្តរបស់ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ។

៣៖ ចូលរួមពិភាក្សាលើការបង្កើតសញ្ញាប័ណ្ណជារូបិយវត្ថុជាតិ នៅកម្ពុជា។

៤៖ ពង្រឹងគុណភាពទិន្នន័យ និងធ្វើឲ្យទិន្នន័យមានសង្គតិភាពជាមួយបណ្តាប្រទេសក្នុងតំបន់។

៥៖ ដើរតួនាទីនៅក្នុងការសាកល្បង (Test-run) យន្តការ CMIM នៅឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងការអនុវត្ត CMIM។

ទន្ទឹមនោះ ធនាគារជាតិនៃកម្ពុជា ក៏ទទួលបានឱកាសបញ្ជូនបុគ្គលិកឱ្យហាត់ការងារនៅការិយាល័យ AMRO ដើម្បីបង្កើនសមត្ថភាពវិភាគសេដ្ឋកិច្ច និងកំពុងត្រៀមទទួលយកជំនួយបច្ចេកទេសពីការិយាល័យ AMRO នាពេលខាងមុខ៕