(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា បានទទួលត្រឹមតំណែងជើងឯករង នៃពានរង្វាន់ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ប៉ុណ្ណោះ ក្រោយប្រកួតចាញ់ក្រុមយុវជន U21 ទីម័រខាងកើត ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១-០ មុននេះបន្ដិច នៅលើទឹកដីប្រទេសប្រ៊ុយណេ ស្របពេលក្រុម U21កម្ពុជា មានគ្នាត្រឹម ១០នាក់ប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាកណ្ដាលពិន័យកាតក្រហមកីឡាករ ឆេង ម៉េង នៅនាទី៣៥ ។

សម្រាប់ការប្រកួតតង់ទី១ គេឃើញក្រុមគោព្រៃជំទង់កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយនឹងការបង្កើតឱកាសស៊ុតជាច្រើនលើក ពិសេសនៅនាទី២២ ដែលកីឡាករ សុះ ស៊ូហាណា ស្ទើរតែរកបានគ្រាប់បាល់ដំបូង ប៉ុន្ដែបែរជាស៊ុតខុសគោលដៅ ។ តែនៅនាទី៣៥ ដោយមានការប៉ះទង្គិចគ្នារវាងកីឡាករ ឆេង ម៉េង និងកីឡាករទីម័រខាងកើត អាជ្ញាកណ្ដាលក៏ពិន័យកាតក្រហមសមាជិក U21កម្ពុជារូបនេះ ដែលនាំឲ្យទីម័រខាងកើត មានឱកាសគ្រប់គ្រងបាល់បានច្រើន តែពុំមានការស៊ុតបំបែកពង់មានគ្នានោះទេ ។

លុះចូលតង់ទី២ ក្រុមយុវជនទីម័រខាងកើត បានបន្ដដាក់សម្ពាធលើកម្ពុជា និងបានស៊ុតបាល់បំប៉ោងសំណាញ់ទីកម្ពុជា ១គ្រាប់មុន នៅនាទី៥០ ។ បន្ទាប់ពីគូប្រជែងធ្វើការនាំមុខ ក្រុម U21កម្ពុជា ក៏បានសម្រុកវាយបកយ៉ាងខ្លាំងផងដែរ ប៉ុន្ដែនៅតែមិនអាចបំបែកពង់ទីម័រខាងកើតបាន ធ្វើឲ្យចប់ការប្រកួតពេញម៉ោងកម្ពុជា ចាញ់ទីម័រខាងកើត ១-០ ។ ដូច្នេះទីម័រខាងកើតបានក្លាយជាជើងឯកលើកដំបូង ក្នុងប្រវត្តិសាស្ដ្រចូលរួមរបស់ខ្លួន អមដោយប្រាក់រង្វាន់ ១៥,០០០ដុល្លារ ស្របពេលកម្ពុជា បានត្រឹមជើងឯករង អមដោយប្រាក់រង្វាន់ ៧,៦០០ដុល្លារ តែក៏ជាលើកដំបូងផងដែរ ៕