(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ០៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន លោកព្រឹទ្ធាចារ្យ លោកបូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយគ្រីស្ទបរិស័ទនៅឆ្នាំនេះ គឺជាលើកទី៣ហើយ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជារឿងសំខាន់សម្រាប់ជាតិ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គេអាចមើលឃើញតាមរយៈ ៤០ឆ្នាំមុន ដែលសាសនាត្រូវបានគេសម្លាប់ ព្រោះតែហេតុនេះហើយទើបគណបក្សប្រជាជនត្រូវសិក្សា និងដាក់ចេញគោលនយោបាយច្បាស់លាស់ មិនមែនជាល្បែងលេងសើច ដើម្បីតែសំឡេងឆ្នោតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានសាសនា៣សំខាន់ រួមមានសាសនាព្រះពុទ្ធ ឥស្លាម និងគ្រីស្ទសាសនា។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជំនឿខុសគ្នានៃសាសនា មិនមែនជាឧបសគ្គសម្រាប់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ជាតិនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមួយចំនួនកំពុងមានវិបត្តិ និងជម្លោះដោយសារសាសនា ហើយមានមហន្តរាយជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់កម្ពុជាគ្មាននោះទេ។

* សម្តេចតេជោថា នៅប្រទេសខ្លះមានការវាយប្រហារចូលព្រះវិហាររបស់គ្រីស្ទ។

* សម្តេចនាយករដ្ឋមន្ត្រី ជាមោទនភាពសម្រាប់កម្ពុជា ដែលមិនមានការវាយប្រហារ ឬកាប់សម្លាប់ទៅសាសនាណាមួយនោះទេ។

* បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវឲ្យរួបរួមគ្នា កសាងនូវសុខដុមក្នុងផ្នែកសាសនានេះ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បញ្ហាគោលនយោបាយសាសនានេះ មិនមែនជាការកញ្ឆក់កណ្តៀតម្តងម្កាល ដើម្បីតែសន្លឹកឆ្នោតនោះទេ ប៉ុន្តែគណបក្សប្រជាជានកម្ពុជា បានដាក់ចេញគោលនយោបាយផ្នែកសាសនាមួយច្បាស់លាស់ ដើម្បីភាពសុខដុមផ្នែកសាសនានេះ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សិទ្ធិសេរីភាព និងជំនឿមិនអាចចាប់ផ្ទៃក្នុងប្រទេសដែលមានសង្គ្រាមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើទៅដល់គ្រីស្ទបរិស័ទទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជា។

* សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា គ្រប់សាសនានឹងអប់រំណែនាំដល់មនុស្សទាំងអស់ឲ្យធ្វើអំពើល្អ និងរួមគ្នារក្សានូវសុខសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍប្រទេសបន្តទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រជាពលរដ្ឋដែលមានមានជំនឿគ្រប់សាសនានៅកម្ពុជា រួមទាំងគ្រីស្ទបរិស័ទផង នឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីនេះ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលថា មិនប្រាកដថា បក្សនយោបាយដទៃដែលអំពាវនាវលើកស្ទួយសាសនា ហើយអាចធ្វើសម្រេចបានតាមការអំពាវនាវរបស់ខ្លួននោះទេ ដូច្នេះមានតែរក្សាអ្វីដែលមាននៅក្នុងដៃតាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ បានប្រកាសថា ឆ្នាំក្រោយសម្តេចនឹងបន្តជួបជាមួយគ្រីស្ទបរិស័ទ ហើយដរាបណាសម្តេចនៅតែធ្វើជានាយករដ្ឋមន្ត្រីសម្តេចនៅតែជួបជាមួយបងប្អូនគ្រីស្ទបរិស័ទក្នុងមួយឆ្នាំម្តង។

* សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសថា បើទោះបីសម្តេចកាន់ព្រះពុទ្ធសាសនា តែសម្តេចមិនបានរើសអើងចំពោះសាសនាដទៃនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៦៖៣៧នាទី នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ។