(ភ្នំពេញ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅមុននេះបន្តិច នាក្បាលព្រលប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៨ថា រហូតមកដល់ពេលនេះ ជនរងគ្រោះដែលស្លាប់ដោយសារពុលទឹកនៅខេត្តក្រចេះ បានកើនដល់៦នាក់ហើយ (ស្រី៤នាក់) ខណៈជនរងគ្រោះចំនួន៥២នាក់ទៀត (ស្រី៣៦នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកអភិបាលខេត្តបានបន្តថា ជនរងគ្រោះចំនួន ៤នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ប៉ុន្តែជាអកុសលជនរងគ្រោះជានារីម្នាក់ បានស្លាប់បាត់ជីវិតក្នុងពេលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

បើតាមលោក វ៉ា ថន គេមិនទាន់អាចកំណត់នូវមូលហេតុនាំឲ្យមានការពុលនេះនៅឡើយទេ តែមានការសង្ស័យថា ពលរដ្ឋរងគ្រោះបានផឹកទឹកមានជាតិពុល។

លោកអភិបាលខេត្តពន្យល់ថា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ គឺភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង។ ជាមួយនឹងការចុះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យនោះ លោកអភិបាលខេត្តក្រចេះ ក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងម្នាក់ៗ ២៥ម៉ឺនរៀលផងដែរ៕