(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទូចស្នើសុំឲ្យអធិការទាំង១២ខណ្ឌ ជួយណែនាំអ្នកសារព័ត៌មានកុំផ្សាយផ្ទាល់ (Live) តាមបណ្ដាញសង្គម Facebook ទៅលើជនសង្ស័យដែលកម្លាំងនគរបាលបានបង្ក្រាបបានភ្លាមៗ ព្រោះថាក្នុងគោលបំណងរក្សាកិត្តិយសជនសង្ស័យ មុនរកឃើញបទល្មើសណាមួយ។

បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជនសង្ស័យដែលកម្លាំងនគរបាលបង្ក្រាបបាន មិនទាន់ក្លាយជាទណ្ឌិតនោះទេ ដូច្នេះកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ពួកគេនៅតែមាន ហើយមួយវិញទៀត ករណីខ្លះអាចគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ។

តាមរយៈសារសំឡេងដែលផ្ញើជូនអធិការទាំង១២ខណ្ឌ នាយឧត្តមសេនីយ៍បានថ្លែងយ៉ាងដូច្នេះថា «ការដែលក្រុមអ្នកសារព័ត៌មាន ចូល Live ជាមួយជនល្មើសដែលយើងឃាត់ខ្លួនបានខ្ញុំគិតថាជាប្រការមិនត្រឹមត្រូវទេ គួរលោកអធិមារខណ្ឌទាំង១២ ពិនិត្យលើការងារជំនាញយើងឡើងវិញ ហើហជនសង្ស័យដែលយើងឃាត់ខ្លួនបានមិនទាន់ក្លាយជាទណ្ឌិតនោះទេ»

នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ តាមរយៈអង្គភាព Fresh News នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានសំណូមពរដល់សារព័ត៌មានមួយចំនួន ដែលបានដកស្រង់ខ្លឹមសារសម្ដីរបស់លោកខុស រហូតសរសេរថា បញ្ជាឲ្យទប់ស្កាត់អ្នកកាសែត ហើយបើនៅតែបន្ដសកម្មភាព ត្រូវឃាត់ខ្លួនអ្នកកាសែត តែនាយឧត្តមសេនីយ៍មិនបានសំដៅយ៉ាងដូច្នេះទេ គឺគ្រាន់តែចង់រក្សាកិត្តិយសរបស់ជនសង្ស័យតែប៉ុណ្ណោះ។

សូមជម្រាបថា ការទទូចស្នើ ក៏ដូចជាសំណូមពរទៅអធិការទាំង១២ខណ្ឌនេះ ក្រោយពីមានហេតុការណ៍កើតឡើងនៅខណ្ឌច្បារអំពៅ ដោយអ្នកសារព័ត៌មានបានចូលទៅផ្សាយផ្ទាល់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកជាឧទាហរណ៍ថា ជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀន តែពេលមិត្តភ័ក្រទៅជួបញាំអីជុំគ្នាស្រាប់តែកម្លាំងនគរបាលចុះទៅចាប់ ហើយអ្នកសារព័ត៌មានចូលផ្សាយផ្ទាល់ អាចធ្វើឲ្យប៉ះពាល់កិត្តិយសជនដែលមិនពាក់ព័ន្ធ ក្រោយមិនទាន់រកឃើញបទល្មើស៕