(ភ្នំពេញ)៖ លោក ជា មានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលប្រកួតប្រជែង ដ៏មានសារៈសំខាន់។

ការលើកឡើងបែបនេះ របស់លោក ជា មានិត បានធ្វើឡើងនៅក្នុងពិធី ដាក់ឲ្យដំណើរការអាជីវកម្ម របស់ក្រុមហ៊ុន ប៊ីឌីអាយជី លើសេវាព័ត៌មានវិទ្យា សេវាកម្មទូរគមនាគមន៍ និងការផលិតសូហ្វែ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ នាយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨។

លោក ជា មានិត បានបញ្ជាក់យ៉ាងដូច្នេះថា ការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលប្រកួតប្រជែង ដ៏មានសារៈសំខាន់ ជាពិសេសរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលវិស័យនេះ បានចូលរួមចំណែក និងដើរតួនាទីដ៏សំខាន់ នៅក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនទាំងនៅក្នុងទីក្រុង និងតាមជនបទ។

លោកថា ប្រការនេះ ទាមទារឲ្យមានការគិតគូរអំពីអភិក្រមថ្មី ពាក់ព័ន្ធ និងការពង្រីកកាលានុវត្តអភិវឌ្ឍន៍ និងការវិនិយោគ ក្នុងវិស័យគាំទ្រថ្មី ពិសេសតាមរយៈការកែលំអរ និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញឆ្អឹងខ្នងនៅទូទាំងប្រទេស ការពង្រឹង និងការជំរុញការប្រើប្រាស់សេវាទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ប្រកបដោយសុវត្ថិភាព សន្តិសុខ ភាពជឿទុកចិត្ត ការលើកកម្ពស់ ចំណេះដឹងផ្នែកជំនាញ ការកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍ ព្រមទាំងការពង្រឹងយន្តការ ស្ថាប័នប្រកបដោយសមត្ថភាព និងមានប្រសិទ្ធភាព។

អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា យោងតាមទិន្នន័យមូលដ្ឋានឆ្នាំ២០១៦ ផ្នែកទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឆ្អឹមខ្នង ត្រូវបានផ្គត់ផ្គង់ ដោយក្រុមហ៊ុន៣ ដែលមាន ប្រវែងសរុប ២៦,៤១១គីឡូម៉ែត្រ មានក្រុមហ៊ុនទូរស័ព្ទអចល័តចំនួន៩ និងទូរស័ព្ទចល័តចំនួន៩ ដែលបានចុះបញ្ជីផ្គត់ផ្គង់ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេតអចល័តចំនួន៣៣ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេតចល័តចំនួន៦ ក្រុមហ៊ុនផ្គត់ផ្គង់សេវា VOIP ចំនួន២២ និងវិស័យប្រៃសណីយ៍ មានក្រុមហ៊ុនប្រតិបត្តិករចំនួន៣៣។

លោក ជា មានិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នៅគោលការណ៍នយោបាយអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសំដៅ ផ្តល់នៅក្របខណ្ឌ គោលនយោបាយ និងយន្តការជាក់លាក់ សម្រាប់ជម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារ ដោយផ្តោតលើការលើកចិត្ត ការស្រាវជ្រាវ និងអភិវឌ្ឍ ការជំរុញលើកទឹក ចិត្តក្រុមហ៊ុនវ័យក្មេង ក្នុងការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម។

លោកថា តាមរយៈគោលនយោបាយនេះ កម្ពុជានឹងសម្រេចបាននូវភាពប្រសើរឡើង នៃរចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចមួយជ្រាលជ្រៅ ដើម្បីឈានទៅសង្គមពឹងផ្អែកលើសេដ្ឋកិច្ចពុទ្ធិម មិងសេដ្ឋកិច្ចឌីជីថល។ ដោយមើលឃើញនិន្នាការ នៃការអភិវឌ្ឍបច្ចេកវិទ្យាព័ត៍មាន និងតម្រូវការចាំបាច់លើវិស័យនេះ ក្រុមហ៊ុន ប៊ី ឌី អាយ ជី មានសុទិដ្ឋិនិយមថា សេវាកម្មរបស់ខ្លួន នឹងចូលរួមចំណែក អភិវឌ្ឍវិស័យព័ត៍មានវិទ្យា ក្នុងប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត។

លោក ជា មានិត បានបន្ថែមទៀតថា ប៊ី ឌី អាយ ជី បានចុះបញ្ជីពាណិជ្ជកម្ម សម្រាប់ប្រតិបត្តិការ លើការផលិតសូហ្វែ សេវាកម្មព័ត៌មានវិទ្យា សេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយឃ្លាំងផ្ទុកទំនិញការប្រមូល និងផលិតទិន្នន័យ ដ៏មានគុណភាព៕