(ភ្នំពេញ)៖ លោក Bill Clough ប្រធាន និងជាចាងហ្វាងការផ្សាយកាសែត Phnom Penh Post (ភ្នំពេញប៉ុស្តិ៍) និងសារព័ត៌មាន Post Khmer (ប៉ុស្តិ៍ខ្មែរ) បានចេញ​សេចក្តី​ប្រកាសឲ្យដឹងថា ក្រុមហ៊ុននេះ​ត្រូវបានលក់​ទៅឲ្យវិនិយោគិន​​​ម៉ាឡេស៊ី​ ដែលមានឈ្មោះថា Sivkumar G. (Siva) បាត់ទៅ​ហើយ។ នេះបើ​យោង​​តាមអ្វីដែលមានចែងនៅក្នុង​សេចក្តី​​ប្រកាស​ជាផ្លូវការរបស់ភ្នំពេញប៉ុស្តិ៍ នៅ​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨ នេះតែម្តង។

សេចក្តីប្រកាស​បាន​បញ្ជាក់ថា លោក Siva គឺជាអ្នកសារព័ត៌មានម្នាក់ មាន​បទពិសោធន៍ជា​អ្នកសារព័ត៌មាន ហើយថែមទាំងជា​តំណាង​​នៃក្រុមអ្នកវិនិយោគ​ដ៏រឹងមាំពីប្រទេស​ម៉ាឡេស៊ីទៀតផង។ ភ្នំពេញប៉ុស្តិ៍​បានដំណើរការ​មកអស់រយៈពេល ២៦ឆ្នាំ ទៅហើយ ដោយចាប់ផ្តើម​ពីដំបូងក្រោម​ការដឹកនាំរបស់​លោក Michael Hayes នៅឆ្នាំ១៩៩២ ជាមួយនឹង​ការបោះពុម្ពផ្សាយ​ព័ត៌មាន ប្រកបដោយ​​សេចក្តីក្លាហាន រយៈពេល​រៀងរាល់ពីរ​សប្តាហ៍​ម្តង។

លោក Bill បានបញ្ជាក់​​នៅក្នុងសេចក្តី​​ប្រកាស​​ថា «នៅពេល​ដែលក្រុម​អ្នកវិនិយោគ​របស់យើង​បានសម្រេចចិត្ត​​ថា នឹងទិញវា​ពី​​លោក Michael ក្នុង​ឆ្នាំ២០០៨នោះ យើងក៏ផ្លាស់ប្តូរ​​ភ្លាមៗ​ទៅធ្វើការ​​ចេញផ្សាយ​​ជាប្រចាំថ្ងៃ​ ដូចមក​ទល់​នឹងសព្វថ្ងៃនេះ​តែម្តង រួចបន្ទាប់​មក​យើងក៏ធ្វើការទិញ​ម៉ាស៊ីនបោះពុម្ព​ព័ត៌មាន​ដោយខ្លួនឯង និងបំបែក​ប្រភព​ផ្សាយព័ត៌មាន​ថ្មីមួយទៀតគឺ ប៉ុស្តិ៍ខ្មែរ (Post Khmer) នៅរយៈពេល​មួយឆ្នាំ​បន្ទាប់។ ខ្ញុំសូម​សម្តែងនូវ​អំណរគុណ​ ចំពោះដៃគូ​ទាំងឡាយ ដែលបាន​ត្រួសត្រាយផ្លូវ​ ឲ្យយើង​ធ្វើដំណើរ​ក្នុងដំណាក់​កាល​កន្លងមក ក្នុងនោះរួម​ទាំង​សហការី Ross Dunkley, David Armstrong និង Kevin Murphy ផងដែរ»។

បន្ថែមពីនេះ​ទៀត លោក Bill បានសម្តែង​នូវអំណរគុណ​យ៉ាងជ្រាលជ្រៅ ជូនចំពោះ​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយលោក​សូមកោតសរសើរ​ចំពោះភាព​​ឈាន​មុខគេក្នុង​ការដឹកនាំវិស័យ​ឧស្សាហកម្ម នៃសារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា នៅក្នុង​រយៈពេល ០៤ទសវត្សរ៍​មកនេះ។ លោក Bill បានសង្កត់​ធ្ងន់ថា «បុរសដែល​មានបេះដូង​ជាអ្នក​កាសែតមួយ​រូបនេះ លោកបាន​គាំទ្រយ៉ាងខ្លាំងក្លា​ចំពោះកាសែតភ្នំពេញប៉ុស្តិ៍ ចាប់តាំងពី​ការចាប់ផ្តើមមកម្ល៉េះ។ ភាពជាអ្នកដឹកនាំ​របស់លោក បានរំលឹកខ្ញុំថា នេះគឺជា​ប្រទេសដែល​អ្នកអាចធ្វើ​ពាណិជ្ជកម្ម ទោះបីជា​ក្នុងប្រភេទនៃឧស្សាហកម្ម​មួយ​ ដែលមាន​ភាព​ចម្រូងចម្រាស​ដូចជាយើង​ក៏ដោយ...។ ភ្នំពេញប៉ុស្តិ៍​គឺជាកាសែតឯករាជ្យ និងគ្មានអ្វីត្រូវខ្លាច​នោះឡើយប្រសិន​បើយោងគោរពច្បាប់នោះ...»

ជាចុងក្រោយ លោក Bill បានបញ្ជាក់ថា លោកសូមផ្ទេរទៅឲ្យលោក Siva ដោយលោក​ធ្វើបែបនេះ ក៏មានការសោកស្តាយ​បន្តិចបន្តួចដែរ ប៉ុន្តែលោក​ក៏រំភើប និងមាន​ទំនុកចិត្តថា ក្រុមការងាររបស់លោក​នឹងធ្វើទៅតាមនូវអ្វី​ ដែលពួកគេតែង​និយាយថា ពួកគេមាន​ផែនការកសាង​ពីមូលដ្ឋានគ្រឹះ​ដែលរឹងមាំស្រាប់​កាលពី ២៦ឆ្នាំមុន និងបូកបន្ថែម​នូវជីវិត​បែប​ពាណិជ្ជកម្ម​ ដែលរីកចំរើន​ទៅមុខ។ លោក Bill បានថ្លែងថា «ខ្ញុំសូមជូនពរ​ឲ្យពួកគេ​សម្រេចជោគជ័យ»