(ភ្នំពេញ)៖ វេទិកាអូឡាំពិកតំបន់ OS/OCA Regional Forum ដែលកម្ពុជាទទួលបានសិទ្ធិអនុញ្ញាតពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគណៈកម្មាធិការជាំតិអូឡាំពិកអន្ដរជាតិ ដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកទី២ នឹងចូលមកដល់នាចុងសប្ដាហ៍នេះហើយ ពោលគឺនៅថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ដោយមានសមាជិកជាង ១៧០នាក់មកពី ៣៥ប្រទេសចូលរួម ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងសិក្សាពីបញ្ហាមួយចំនួន នាឱកាសនោះ ។ តើកម្ពុជា នឹងទទួលបានផលចំណេញអ្វីខ្លះ ពីការធ្វើម្ចាស់ផ្ទះវេទិកាអូឡាំពិកតំបន់មួយនេះ?

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា វេទិកានេះ នឹងផ្ដល់នូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រទេសកំពុងមានការអភិវឌ្ឍលើវិស័យកីឡា ពិសេសគឺកម្ពុជា ដែលកំពុងសម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយលោករំពឹងថា សមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិទាំង ៣៥ប្រទេស នឹងគាំទ្រកាន់តែខ្លាំង ចំពោះដំណើរវិវិត្ដន៍ និងវឌ្ឍនភាព ក៏ដូចជាភាពរីកចម្រើននៃចលនាអូឡាំពិក រួមទាំងសុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ។

លោកបញ្ជាក់ថា «កម្ពុជា នឹងផ្ដោតលើការពង្រឹងសាមគ្គីភាពជាមួយសមាជិកគណៈកម្មាធិការជាតិអូឡាំពិកអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍ និងពិនិត្យលទ្ធភាពក្នុងការឧបត្ថម្ភគាំទ្រកម្ពុជា ដែលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈជំនួយផ្នែកបច្ចេកទេស និងបទពិសោធន៍ក្នុងការប្រកួតកីឡាជាហ្គេមធំៗ ។ ជាក់ស្ដែងវេទិកានេះ នឹងបង្ហាញបទពិសោធន៍ជាច្រើន ពីក្រុមអ្នកជំនាញរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី, កីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅអាហ្សង់ទីន និងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅជប៉ុន ដែលកម្ពុជា ត្រូវចាប់យកសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះខ្លួនឯង»

បន្ថែមលើនេះ កម្ពុជានឹងបង្ហាញនូវវីដេអូខ្លីមួយ ស្ដីពីការរីកចម្រើននៃវិស័យកីឡា និងភាពរីកចម្រើននៃប្រទេសជាតិទាំងមូល ដើម្បីបង្ហាញពីភាពស្វាហាប់ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ។ ម្យ៉ាងវិញទៀត ក្រោមការចង្អុលបង្ហាញរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC កម្ពុជានឹងរៀបចំកញ្ចប់ដំណើរទស្សនកិច្ចមួយ ក្រៅពីកិច្ចប្រជុំនៅសណ្ឋាគារសុខា ដូចជាដំណើរទស្សនកិច្ចពហុកីឡដ្ឋានជាតិមរតេជោ ដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលកំពុងសាងសង់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ រួមទាំងគោលដៅសំខាន់ៗ ក្នុងរាជធានីភ្នំពេញ រួមមានព្រះបរមរាជរាំង កោះពេជ្រ វត្តភ្នំ និងផ្សារធំថ្មីជាដើម ដើម្បីផ្ដល់ភាពសប្បាយរីករាយ និងមានភាពកក់ក្ដៅ សម្រាប់ភ្ញៀវ ។ លោក វ៉ាត់ ចំរើន បន្ថែម ។

សូមបញ្ជាក់ថា វេទិកាអូឡាំពិកតំបន់ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ លើកទី២ នឹងមានតំណាងគណៈកម្មាធិការជាតិអូឡាំពិក តំណាងប្រទេសក្នុងទ្វីបអាស៊ីជិត ៣០ប្រទេសមកពី ៣តំបន់ គឺតំបន់អាស៊ីខាងកើត អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ រួមទាំងបណ្ដាប្រទេសលើពិភពលោកមួយចំនួន ដូចជាអាមេរិក បារាំង អង់គ្លេស គុយវ៉ែត និងរុស្ស៊ីជាដើម ស្មើនឹងសមាជិកជាង ១៧០នាក់ចូលរួម ខណៈពិធីបើកនឹងធ្វើឡើងក្រោមវត្តមានឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៀតផង ។ លើសពីនេះ នាព្រឹកថ្ងៃទី០៧ ខែឧសភា ក៏នឹងមានការរត់លក្ខណកម្សាន្ដ Fun Run ដើម្បីអបអរ និងផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាខែសីហាផងដែរ ៕