(បាត់ដំបង)៖ គ្រាន់តែរដូវភ្លៀងចូលមកដល់ភ្លាម អាវភ្លៀងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សរុបជិត ២ម៉ឺនអាវ ត្រូវបានយកទៅចែកជូនដល់កងកម្លាំងកំពុងការពារបូរណភាពទឹកដីចំនួន ៣៨អង្គភាពចំណុះឲ្យយោធភូមិភាគទី៥។​

អាវភ្លៀងទាំងជិត ២ម៉ឺនអាវនេះ ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទយកទៅចែកជូនដល់កងកម្លាំងនៅថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ។

ក្នុងពិធីប្រគល់អាវភ្លៀងនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវការផ្តាំផ្ញើរសួរសុខទុក្ចរបស់សម្តេចទាំងពីរជូនដល់កងកម្លាំង និងក្រុមគ្រួសារ ដោយទឹកចិត្តអាណិតស្រឡាញ់ជាទីបំផុង។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានរំលឹកដែរថា សុខទុក្ខរបស់កងទ័ពទាំងអស់គឺផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់សម្តេចទាំងពីរ ហើយសម្តេចទាំងពីរក៏តែងតែបានគិតគូរជានិច្ចដល់សុខទុក្ខកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា «សម្តេចទាំងពីរមិនដែលភ្លេចបងប្អូនរបស់យើងនោះឡើយ លោកនឹករលឹកជានិច្ច។ ដូចបងប្អូនឃើញស្រាប់ហើយគ្រាន់តែរដូវភ្លៀងធ្លាក់មកដល់ភ្លាម សម្តេចទាំងពីរក៏បានចេញបទបញ្ជាភ្លាមៗផងដែរ ឲ្យខ្ញុំយកអាវភ្លៀងមកចែកជូនបងប្អូន ព្រោះខ្លាចបងប្អូនរងារ និងមិនមានអាវភ្លៀងពាក់ ដើម្បីចេញបំពេញការងារ»

បន្ទាប់ពីបានទទួលបានអាវភ្លៀងបងប្អូនកងទ័ពទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចទាំងពីរ ដែលតែងតែគិតគូរយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគេ។ កងទ័ពបានចាត់ទុកសម្តេចទាំងពីរជាអគ្គភស្តុភារជាន់ខ្ពស់ របស់កងទ័ព ព្រោះសម្តេចតែងតែដោះស្រាយរាល់ការលំបាកជូនបងប្អូន ដូចជាផ្តល់ដី ផ្ទះសម្បែង ប្រាក់ហូបបន្ថែម ដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ។

ជាមួយគ្នានោះកងទ័ពបានប្រកាសយ៉ាងមុតមាំក្នុងការការពារជាតិ និងដឹកទី ត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ ការពារបូរណភាពទឹកដី ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបង្កអសន្តិសុខញុះញង់បំបែកបំបាកសាមគ្គីជាតិរបស់ពួកប្រឆាំងអគតិ។ កងទ័ពក៏បានប្រកាសថា ខ្លួន និងក្រុមគ្រួសារនឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៅទៀត៕