(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានបើកប្រតិបត្តិបង្ក្រាបទីតាំងបើកល្បែងជល់មាន់មួយកន្លែង ក្នុងស្រុកសណ្ដាន់ នៅដីរបស់លោក ឈុត ភារាជ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ។

ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានរាយការណ៍ថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្ត។

កម្លាំងសមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិទ្រង់ទ្រាយធំនេះ បានបញ្ជាក់ថា កម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន ៥៥គ្រឿង, រថយន្ត០៣គ្រឿង, មាន់ជល់ ១០ក្បាល ងាប់០៣ក្បាល, អង្រុតគ្រប មាន់ដែក១៥, ជញ្ជីងថ្លឹងមាន់ ០១, ចានជ័រទម្រ អាប៉ោង០១, ការ៉ុង ហាន់តោ អាប៉ោង ០១ និងឃាត់ខ្លួនអ្នកលេង ០៥នាក់ ស្រីម្នាក់។

ក្រោយប្រតិបត្តិការ ទាំងមនុស្ស និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕